ភ្នំពេញ ៖ គម្រោងស្ពានមិត្តភាពកម្ពុជា- កូរ៉េខាងត្បូង ឬជាស្ពានតភ្ជាប់ភ្នំពេញ ទៅក្រុងអរិយក្សត្រដែលពលរដ្ឋរង់ចាំជាយូរឆ្នាំមកហើយនោះ រំពឹងថានឹងបើកការដ្ឋានសាងសង់នៅពេលឆាប់នេះ ដោយក្នុងនោះដែរ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េខាងត្បូងបានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា- កូរ៉េខាងត្បូង សង្ឃឹមថានឹងអាចបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៦ខាងមុខនេះ ។
បើតាមឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េខាងត្បូង នៅក្នុងជំនួបជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា -កូរ៉េខាងត្បូង ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៦ខាមុខនេះ គឺជាសមិទ្ធផលថ្មីមួយទៀតកើតចេញពីទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងពីទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងប្រទេសកូរ៉េខាងត្បូងដែលបានចាប់ផ្ដើមឡើងវិញនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ១៩៩៧ ក៏បានចាប់ផ្ដើមធ្វើទំនាក់ទំនងផ្លូវការពេញលេញ។ ចាប់តាំងពីឆ្នាំ១៩៩៧ រហូតមក ទំនាក់ទំនងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង បានវិវត្តន៍ជាវិជ្ជមានជាបន្តបន្ទាប់ ទាំងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនានា ។
គួររម្លឹកថា ស្ពានមិត្តភាពកម្ពុជា- កូរ៉េខាងត្បូង ជាប្រភេទស្ពានខ្សែកាប (Two cable stayed bridges) មានប្រវែងបណ្តោយនៃស្ពានសរុប ២ ៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ,ប្រវែងផ្លូវក្បាលស្ពានសរុប (Approach road) ១.១៧៤ម៉ែត្រ (ទទឹងផ្លូវ ២២,៥ម៉ែត្រ)។ គម្រោងនេះ ត្រូវបានចុះហត្ថលេខារួចហើយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ។
បើតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងនាពេលកន្លងមកថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានទំហំប្រមាណ ២៣៥ លានដុល្លារ និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ។ ទីតាំងនៃគម្រោងនេះ គឺស្ថិតនៅផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្យ(ភ្នំពេញ-ក្រុងអរិយក្សត្យ ខេត្តកណ្ដាល)។
តាមរយៈគម្រោងស្ពានមិត្តភាពកម្ពុជា -កូរ៉េខាងត្បូង នឹងជំរុញឱ្យមានការវិនិយោគជាបន្តបន្ទាប់ទៅទិសខាងកើតរាជធានីភ្នំពេញ ( តំបន់អរិយក្សត្រ ) ខណៈដែលបច្ចុប្បន្នត្រូវបានគេសង្កេតឃើញថា មានវិនិយោគិនក្នុងស្រុកជាច្រើនចាប់ផ្ដើមអភិវឌ្ឍន៍លំនៅឋាន ទីក្រុងរណប ជាបណ្តើរៗ ហើយហេដ្ឋារចនាសម្ព័ន្ធក៏ចាប់ផ្ដើមសាងសង់ថ្មីៗ ជាពិសេសក្រោយពេលរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតក្រុងអរិយក្សត្រតែម្ដង៕