រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យមានការរៀបចំផែនទីប្រើប្រាស់ដីធ្លីនៅតាមបណ្ដាឃុំក្នុងតំបន់បឹងទន្លេសាប និងសៀមរាប-អង្គរ ដើម្បីដោះស្រាយវិវាទដែលនៅសល់សល់ក្នុងតំបន់ទាំងនេះឱ្យបានឆាប់រហ័ស ។
ថ្លែងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុងណែនាំការងារលើការរៀបចំផែនទីប្រើប្រាស់តាមឃុំ ក្នុងតំបន់បឹងទន្លេសាប និងសៀមរាប-អង្គរ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យមានការឯកភាពគ្នាលើការងាររៀបចំផែនទីប្រើប្រាស់ឃុំក្នុងតំបន់បឹងទន្លេសាប និងសៀមរាប-អង្គរ ដែលមានលក្ខណៈពិសេសដាច់ដោយឡែកពីការកំណត់ក្នុងច្បាប់ភូមិបាល ហើយអ្វីដែលក្រុមការងារទាំងអស់គ្នាធ្វើនេះគឺជាកាតព្វកិច្ចចំពោះជាតិក្នុងការថែរក្សាមរតកដូនតា ។
ឯកឧត្តមបានបញ្ជាក់ថា ៖
«ចំពោះមុខការងារនេះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទើបជំរុញការងារនេះបានដំណើរការឆាប់រហ័ស ដោយក្រុមការងារត្រូវធ្វើផែនទីសុរិយោដី ១១៤ភូមិនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដោយផ្អែកលើភាពជាក់ស្ដែងនៅនឹងកន្លែង,ត្រូវរៀបចំប្លង់គោល ហើយត្រូវផ្លាស់ប្ដូរលក្ខខណ្ឌនៃការប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប និងសៀមរាប-អង្គរ ដើម្បីជំរុញការដោះស្រាយវិវាទដែលនៅសេសសល់ក្នុងតំបន់ទាំងពីរនេះឱ្យបានឆាប់រហ័ស»។
ឯកឧត្តមបានបន្ថែមថា គោលនយោបាយដែលក្រសួងបានដាក់ចេញ,ចាប់ពីដើមអាណត្តិទី៧នេះ តាមការចង្អុលបង្ហាញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាក់ទិននឹងកិច្ចការបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា ក្នុងនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំគោលនយោបាយមួយគឺការចុះបញ្ជីដីបង្ហើយដែលបានធ្វើឡើងនៅទូទាំងប្រទេស ហើយមកទល់ពេលនេះនៅសល់ត្រឹមតែប្រមាណ ១៧ ម៉ឺនក្បាលដីទៀតប៉ុណ្ណោះដែលត្រូវវាស់វែងឱ្យបានចប់សព្វគ្រប់។ ទន្ទឹមនោះក៏ត្រូវជម្រះបញ្ហាវាស់វែងដីធ្លីដែលមានភាពឆកល្វែងពីមុនមក និងត្រូវបំពេញបន្ថែមឱ្យមានភាពល្អឡើងវិញផងដែរ ។
សូមជម្រាបដែរថា កាលពីសប្ដាហ៍មុននេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះត្រួតពិនិត្យបឹងធំ ក្នុងភូមិសាស្ត្រស្រុករលាប្អៀរ ស្រុកជលគិរី និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តការសាកល្បងកំណត់នូវប្លង់គោលនៃការប្រើប្រាស់ដីក្នុងឃុំទាំង១៣០ ជុំវិញបឹងទន្លេសាប ហើយបានកំណត់យកខេត្តកំពង់ឆ្នាំងជាខេត្តដំបូងគេក្នុងការសាកល្បងនូវកិច្ចការងារនេះ ៕

