រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជំរុញឱ្យ​មានការ​រៀបចំផែនទី​ប្រើប្រាស់ដីធ្លីនៅតាម​បណ្ដា​​ឃុំក្នុង​តំបន់បឹងទន្លេសាប និង​សៀមរាប-អង្គរ​ ដើម្បីដោះស្រាយ​វិវាទ​ដែលនៅសល់​សល់​ក្នុង​តំបន់ទាំង​នេះ​ឱ្យបានឆាប់រហ័ស ។

ថ្លែងនៅក្នុង​កិច្ច​ប្រជុំ​ផ្ទៃក្នុង​ណែនាំ​ការងារ​លើ​ការរៀបចំផែនទី​ប្រើប្រាស់តាមឃុំ​ ក្នុង​តំបន់​បឹងទន្លេសាប និង​សៀម​រាប​-អង្គរ​ កាលពីថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២៥​ ឯកឧត្តម ​សាយ សំអាល់​​ ឧបនាយករដ្ឋមន្ត្រីនិងជា​រដ្ឋមន្ត្រីក្រ​សួ​ង​រៀប​​ចំ​ដែ​នដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា កិច្ចប្រជុំ​នា​ពេល​នេះ​ធ្វើ​ឡើង​ក្នុង​គោ​​លបំ​ណ​ងដើ​ម្បី​ឱ្យ​មា​ន​ការ​ឯ​ក​ភា​ពគ្នា​លើ​កា​រ​ងា​ររៀ​បចំ​ផែ​នទី​​ប្រើ​ប្រា​ស់​ឃុំ​ក្នុ​ង​តំ​ប​ន់បឹ​ង​ទ​ន្លេ​សា​​ប ​និង​សៀម​រាប-អង្គរ ដែល​មាន​ល​ក្ខណៈពិសេសដាច់ដោយឡែកពីការកំណត់ក្នុងច្បាប់ភូមិបាល ហើយ​​អ្វី​ដែ​​ល​​​​ក្រុមការងារទាំ​ងអស់​គ្នា​ធ្វើនេះ​គឺ​ជា​កាតព្វកិច្ចចំពោះជាតិក្នុងការថែរក្សាមរតកដូនតា ។

 

ឯកឧត្តមបានបញ្ជាក់​ថា ៖

«ចំពោះមុខការងារនេះ គឺទាមទារឱ្យមា​ន​កា​រចូ​ល​រួ​ម​ពី​គ្រប់​ភា​គី​ពា​ក់ព័ន្ធទាំងអស់​​ទើ​ប​ជំ​រុញការងារនេះបានដំណើរការឆាប់រហ័ស ដោយ​ក្រុម​ការ​ងា​រ​ត្រូ​វ​ធ្វើ​ផែន​ទី​សុរិ​យោដី ១១៤​ភូ​មិនៅ​ក្នុង​តំបន់​បេ​តិក​ភ​​ណ្ឌពិ​ភពលោ​ក​អ​ង្គ​រ ដោ​យ​ផ្អែ​ក​លើ​ភា​ពជា​ក់ស្ដែ​ង​នៅ​នឹ​ង​កន្លែ​ង​,ត្រូ​វ​រៀ​ប​ចំ​ប្លង់​គោ​ល​ ហើ​យ​ត្រូ​វផ្លា​ស់​ប្ដូរ​លក្ខខ​ណ្ឌនៃការប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប និងសៀមរាប-អង្គរ ដើម្បី​ជំ​រុ​ញ​ការ​ដោះ​ស្រាយ​វិវា​ទដែ​ល​នៅ​សេសសល់ក្នុងតំបន់ទាំងពីរនេះឱ្យបានឆាប់រហ័ស»។

ឯកឧត្តមបានបន្ថែមថា គោលនយោបាយដែលក្រសួងបានដាក់ចេញ,ចាប់ពីដើមអាណត្តិទី៧នេះ តាម​ការ​ច​ង្អុល​បង្ហាញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាក់ទិ​ន​នឹ​ងកិ​ច្ច​កា​រ​ប​ង្កើ​ត​ប​រិ​​យាកា​ស​គ្មា​ន​​វិ​វាទ​​នៅ​ក​ម្ពុជា ក្នុងនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំ​ណង់​ បា​ន​​រៀប​ចំ​គោ​ល​ន​យោ​បា​យ​មួ​យ​គឺ​កា​រ​ចុះ​បញ្ជីដីបង្ហើយដែលបានធ្វើឡើងនៅទូទាំងប្រទេស ហើយមកទល់ពេលនេះនៅសល់ត្រឹមតែប្រមាណ ១៧ ម៉ឺន​ក្បាលដីទៀតប៉ុណ្ណោះដែលត្រូវវាស់វែងឱ្យបានចប់សព្វគ្រប់។ ទន្ទឹមនោះ​ក៏ត្រូ​វជ​ម្រះ​ប​ញ្ហា​វា​ស់​វែង​ដី​ធ្លី​ដែ​ល​​មា​ន​ភា​ព​ឆកល្វែងពីមុនមក និងត្រូវបំពេញបន្ថែមឱ្យមានភាពល្អឡើងវិញផងដែរ ។​

សូមជម្រាបដែរថា កាលពីសប្ដាហ៍មុននេះ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ ក៏បានដឹកនាំកិច្ចប្រជុំពិភាក្សា​ និង​ចុះ​ត្រួត​ពិនិត្យ​បឹងធំ ក្នុងភូមិសាស្ត្រ​ស្រុក​រលាប្អៀរ​ ស្រុក​ជលគិរី​ និង​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់​ឆ្នាំង​ ដើម្បី​អនុវត្ត​ការ​សាកល្បង​កំណត់​នូវ​ប្លង់​គោល​នៃការ​ប្រើប្រាស់ដី​ក្នុងឃុំ​ទាំង​១៣​០ ជុំវិញ​បឹង​ទន្លេសាប ហើយបានកំណត់​យក​ខេត្តកំពង់ឆ្នាំង​ជាខេត្តដំបូងគេ​ក្នុងការ​សាកល្បង​នូវកិច្ចការងារ​នេះ ៕