កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA Group និងលោកជំទាវ ស្រី ស្រស់ បានចាត់ក្រុមការងារនាំយកថវិកា និងជាបច្ច័យចំនួន ៥០០ដុល្លារ ជួយឧបត្ថម្ភដល់គ្រួសារយោធិនដែលមានពលីជីវិតនៅក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ពីការវាយប្រហារពីសំណាក់យោធាថៃចំនួន ២គ្រួសារ។

ទី១ – គ្រួសារសព ឈ្មោះ ឈឿង ចាន់ណា អាយុ ៥៥ឆ្នាំ ឋានន្តរស័ក្ដិ ព្រិន្ទបាលឯក នៅកងពលតូចលេខ៨ វរ:សេនាតូច ៣៨២ អត្តលេខ២០២៥៥៤ មានទីលំនៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

ទី២- គ្រួសារសព ឈ្មោះ យុទ្ធជន ទេព ម៉ាឡា មានស្រុកកំណើត នៅអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

បន្ថែមពីលើថវិកាផ្ទាល់ខ្លួនរបស់លោកឧកញ៉ា នួន រិទ្ធី ចំនួន ៥០០ដុល្លារ ក៏មានបងប្អូនសប្បុរសជនមួយចំនួនទៀតបានចូលរួមចំណែកផងដែរ រួមមាន ៖
-លោកជំទាវ ចាន់ ណារី ចំនួន ៥០ដុល្លារ
-លោកជំទាវ អ្នកឧកញ៉ា អ៊ាន អេឡែន ចំនួន ១,០០០,០០០រៀល
-លោក សាន សេម និងភរិយា ចំនួន ១០០,០០០រៀល
-លោក ពៅ សារិទ្ធិ និងភរិយា ហែន ចរិយា ចំនួន ២០០,០០០រៀល
-លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល ចំនួន ៤៥,០០០រៀល
-លោក សុខ វាសនា ចំនួន ៣៤,០០០រៀល
-លោកជំទាវ ឧកញ៉ា កែវ ចំរើន និងឯកឧត្តម ចំនួន ១០០ដុល្លារ

សរុបជារួម ថវិកាដែលបានទទួល និងប្រគល់ជូនគ្រួសារសពនីមួយៗ ចំនួន ៦៥០ដុល្លារ និង ១,៣៧៩,០០០រៀល ដើម្បីយកទៅប្រើប្រាស់ និងចាត់ចែងនៅក្នុងជីវភាពគ្រួសារតាមភាពចាំបាច់។

នៅក្នុងឱកាសនេះផងដែរ លោកឧកញ៉ា នួន រិទ្ធី និងលោកជំទាវ ស្រី ស្រស់ បានថ្លែងអំណរគុណចំពោះទឹកចិត្តបងប្អូនជាសប្បុរសជនទាំងអស់ដែលបានបរិច្ចាកធនធាន និងថវិកាផ្ទាល់ខ្លួនចូលរួមរំលែកទុក្ខលំបាករបស់គ្រួសារសពយោធិនដែលបានបូជាជីវិតនៅក្នុងបុព្វហេតុជាតិមាតុភូមិ ការពារទឹកដីកម្ពុជាពីការឈ្លានពានរបស់ប្រទេសជិតខាង។

សូមជម្រាបថា ក្រុមការងាររបស់លោកឧកញ៉ា នួន រិទ្ធី កំពុងបន្តដំណើរស្វែងរកអាស័យដ្ឋានរបស់គ្រួសារយោធិនពលីជីវិតនៅតាមបណ្តាខេត្តបន្តទៀត ដើម្បីនាំយកថវិកាទៅប្រគល់ជូនជាបន្តបន្ទាប់ ៕