ភ្នំពេញ ៖ ឯកឧត្តម​ សាយ សំអាល់​ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា នៅក្នុងយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើ​យ គឺបានឈានមកដល់ចំណុចមួយដែលត្រូវចែកបណ្ណកម្មសិទ្ធិដីធ្លីបង្ហើយ ហើយនឹងឈានទៅរៀបចំប្លង់​គោលប្រើប្រាស់ដីធ្លីបង្ហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំការងាររបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្តីការក្រសួង កាលពីពេលកន្លងទៅនេះ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា នៅក្នុងយុទ្ធ​នា​ការចុះបញ្ជីដីធ្លីបង្ហើយគឺបានឈានមកដល់ចំណុចមួយដែលត្រូវចែកបណ្ណកម្មសិទ្ធិដីធ្លីបង្ហើយ ហើយនឹងឈានទៅរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីបង្ហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជារ​បត់មួយក្រោយរយៈពេល ៤០ឆ្នាំដែលកម្ពុជាបានចាប់ផ្ដើមចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុលើកទី១ នាឆ្នាំ១៩៨៩ រហូតដល់ឆ្នាំ២០២៩ យើងនឹងប្រារព្ធខួបលើកទី៤០ ជាប្រវត្តិសាស្ត្រនៃការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ។

ឯកឧត្តមបានបន្តថា ៖

«អ្វីដែលយើងបានធ្វើនេះគឺក្នុងស្ថានភាពមួយដែលប្រទេសជាតិកំពុងប្រឈមនឹងការលំបាក ដែលយើងបានងើបចេញផុតពីសង្គ្រាមដោយបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយដោយឡែកក្នុងរយៈពេល ២ឆ្នាំដំបូងនៃអាណត្តិទី៧ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានខិតខំប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីបង្ហើយឲ្យបានចប់សព្វគ្រប់ ដោះស្រាយបញ្ចប់វិវាទដីធ្លីនៅទូទាំងប្រទេស និងបង្កើតបរិយាកាសគ្មានវិវាទជូនប្រជាពលរដ្ឋ បើទោះជាមានការប្រឈមនឹងស្ថានភាពនៃការឈ្លានពានពីកងទ័ពថៃមកលើកម្ពុជាតាមបណ្ដោយព្រំដែនយ៉ាងណាក្តី។ លទ្ធផលនៃការចុះបញ្ជីដីធ្លីបង្ហើយនេះ គឺជាមោទនភាពសម្រាប់យើងទាំងអស់គ្នាមិនមែនសម្រាប់តែក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នោះឡើយ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចុះបញ្ជីដីធ្លីបង្ហើយ គឺជាវិធានមួយក្នុងការបង្កើតបរិ​យាកា​សគ្មានវិវាទ ដោយប្រើយុទ្ធសាស្ត្រនៃការសំអាត កែតម្រូវ និងកែសម្រួល រួមនឹងយុទ្ធសាស្ត្រផ្សេងៗជាច្រើន​ទៀត។ ដោយឡែក ចំពោះប្លង់គោលនៃការប្រើប្រាស់ដី នឹងត្រូវប្រគល់ជូនអាជ្ញាធរខេត្ត, ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីខេត្តទាំងអស់ និងអាជ្ញាធរមូលដ្ឋានគ្រប់ឃុំ ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការរៀបចំទីក្រុង ទីប្រជុំជនឱ្យបានល្អ, មានលំហរសាធារណៈ និងមានសណ្តាប់ធ្នាប់របៀបរៀបរយត្រឹមត្រូវ សំដៅបង្កើនគុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋ, ដោយប្រែក្លាយទីក្រុង និងទីប្រជុំជននៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសឱ្យទៅជាបុរីជនបទ និងជាភូមិឋានក្សេមក្សាន្ត ឆ្លើយតបទៅនឹងគោលបំណងរបស់ប្រមុខរាជរដ្ឋាភិបាល។

យោងតាមរបាយការណ៍របស់ឯកឧត្តម ទេព ធន និងឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គណៈកម្មការសុរិយោដីបានបង្កើតឡើងរយៈពេល ២៣ឆ្នាំមកហើយ។ លទ្ធផលដែលសម្រេចបានត្រូវបានបែងចែកជាពីរ គឺលទ្ធផលទី១ សម្រេចបានតាមរយៈយន្តការសុ​រិយោដី, និងលទ្ធផលទី២ សម្រេចបានតាមយន្តការអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី, យន្តការគណៈកម្មការ​សុរិយោដី និងតាមយន្តការក្រុមការងារប្រតិបត្តិ។ តាមយន្តការគណៈកម្មការសុរិយោដីថ្នាក់ជាតិ ក្រសួងទទួ​លបានពាក្យបណ្ដឹង ២៣៥ករណី ក្នុងនោះបានសម្របសម្រួលបញ្ចប់បាន ៤០ករណី, បានសវនការចំនួន ៩៦ករណី ដែលក្នុងចំនួននេះមានការប្ដឹងជំទាស់ ៣៨ករណី ស្មើនឹង៣៩ភាគរយ និងច្រានចោល ៧៣ករណី ដែលមិនមានមូលហេតុត្រឹមត្រូវ, មានការសុំដកពាក្យប្ដឹង ២៤ករណី, និងកំពុងដោះស្រាយ ២ករណីនៅថ្នាក់ជាតិ។

ឯកឧត្តមបានបញ្ជាក់ថា ៖

«តាមរយៈលទ្ធផលនៃការដោះស្រាយខាងលើ ជាពិសេស តាមយន្តការគណៈកម្មការសុរិយោដី យើងអាចសន្និដ្ឋានបានថា ពុំមានវិវាទដែលនៅសេសសល់កើតចេញពីវិវាទអំពីការញុះញង់នយោបាយនោះឡើយ។ ការដោះស្រាយតាមប្រព័ន្ធសម្របសម្រួលគឺជាកត្តាចាំបាច់នឹងត្រូវបន្តធ្វើទៀត ព្រោះជាយន្តការដ៏ល្អដែលមិនមានការប្ដឹងជំទាស់ពីភាគីទាំងសងខាងឡើយ។ ចំពោះវិវាទដីធ្លីនានាកាលពីឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន គឺមានការថយចុះគួរឱ្យកត់សម្គាល់ពី ៣ ៥៤៩ករណី មកនៅសល់ត្រឹម ៣៨៥ករណីប៉ុណ្ណោះ»។

ដោយឡែក ចំពោះការវាស់វែងដីធ្លីវិញ បច្ចុប្បន្ន គឺមានខេត្តចំនួន៨ ត្រូវបានប្រកាសបញ្ចប់ការវាស់វែងដីធ្លីជាផ្លូវការ ក្នុងនោះមានខេត្តកំពង់ចាម,ស្វាយរៀង, សៀមរាប, កំពង់ស្ពឺ,ខេត្តព្រះសីហនុ, កំពង់ឆ្នាំង, ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តដទៃផ្សេងទៀតក៏នឹងបញ្ចប់ការវាស់វែងដីធ្លីនៅពេលឆាប់ៗខាងមុខនេះផងដែរ។ នៅទូទាំងប្រទេស មានក្បាលដីសរុបជាង ១៣លានក្បាលដីហើយបច្ចុប្បន្នមានក្បាលដីដែលនៅសេសសល់ត្រឹមតែជាង ១១ម៉ឺនក្បាលដីទៀតប៉ុណ្ណោះដែលមិនទាន់វាស់វែងរួច៕