ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះ ក្បាលដីដែលនៅសេសសល់មិនទាន់បានវាស់វែងគឺនៅសល់តែជាង១១ម៉ឺនក្បាលទៀតប៉ុណ្ណោះ ក្នុងចំណោមក្បាលដីសរុបទូទាំងប្រទេសជាង១៣លានក្បាលដី។
បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា បច្ចុប្បន្នមានខេត្តចំនួន៨ហើយ ដែលបានប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាផ្លូវការ ក្នុងនោះរួមមានខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ។ សម្រាប់បណ្ដាខេត្តផ្សេងៗទៀត ក៏នឹងបញ្ចប់ការវាស់វែងដីធ្លីក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះឱ្យដឹងថា ការចុះបញ្ជីដីធ្លីបង្ហើយ គឺជាវិធានការមួយក្នុងការបង្កើតបរិយាកាសគ្មានវិវាទ ដោយប្រើយុទ្ធសាស្ត្រនៃការសម្អាត កែតម្រូវ និងកែសម្រួល រួមទាំងយុទ្ធសាស្ត្រផ្សេងៗជាច្រើន ។ ដោយឡែកចំពោះប្លង់គោលនៃការប្រើប្រាស់ដី នឹងត្រូវប្រគល់ជូនអាជ្ញាធរខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីខេត្តទាំងអស់ និងអាជ្ញាធរមូលដ្ឋានគ្រប់ឃុំ ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការរៀបចំទីក្រុង ទីប្រជុំជនឱ្យបានល្អ មានលំហរសាធារណៈ និងមានសណ្ដាប់ធ្នាប់របៀបរៀបរយត្រឹមត្រូវ សំដៅបង្កើនគុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ដោយប្រែក្លាយទីក្រុង និងទីប្រជុំជននៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសឱ្យទៅជាបុរីជនបទ និងភូមិឋានក្សេមក្សាន្ត ឆ្លើយតបទៅនឹងគោលបំណងរបស់រាជរដ្ឋាភិបាល ។
គួររម្លឹកថា ការងារបន្ទាប់ក្រោយពីបានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺការចុះបញ្ជីក្បាលដី និងបិទផ្សាយជាសាធារណៈ និងឈានទៅដល់ប្រគល់/ចែក បណ្ណកម្មសិទ្ធិជូនពលរដ្ឋបង្ហើយ ដើម្បីឱ្យពលរដ្ឋទទួលបានបណ្ណកម្មសិទ្ធិសម្រាប់ទុក ឬប្រើប្រាស់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាទុកជាទ្រព្យសម្រាប់ជាកេរដំណែលដល់កូនចៅជំនាន់ក្រោយ ។
អ្វីដែលសំខាន់បន្ទាប់ពីក្នុងពេល និងក្រោយបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេសនោះ គឺការដោះស្រាយវិវាទដីធ្លី រវាងពលរដ្ឋ និងពលរដ្ឋ ឯកជន និងរដ្ឋឱ្យបានដាច់ស្រេចទូទាំងប្រទេស ។ ជាក់ស្ដែងកន្លងមក ការដោះស្រាយវិវាទនេះ បានធ្វើឡើងតាមរយៈយន្តការសុរិយោដី យន្តការអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី យន្តការគណៈកម្មការសុរិយោដី និងតាមយន្តការក្រុមការងារប្រតិបត្តិជាដើម ។
ក្រៅពីការវាស់វែង ចុះបញ្ជី បិទផ្សាយ និងចែកបណ្ណកម្មសិទ្ធិ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏កំពុងធ្វើសកម្មភាពនៅក្នុងសមរភូមិជាច្រើនទៀតនៃវិស័យដែនដី នគរូបនីយកម្ម ដូចជាការរៀបចំការប្រើប្រាស់ដីធ្លីនៅតាមបណ្ដាខេត្តក្រុងនានាទូទាំងប្រទេសប្រកបដោយប្រសិទ្ធភាព និងគុណភាព ធ្វើយ៉ាងណាឱ្យពលរដ្ឋរស់នៅមានសុខុដុមរមនា និងការរីកចម្រើន ដូចជាការរស់នៅដែលអាចរកចំណូលពីការក្នុងមូលដ្ឋានរបស់ខ្លួនបានសម្រាប់ផ្គត់ផ្គង់ជីវភាពជាដើម ៕

