អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តឱ្យកម្មវិធី ICONE ពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធីនេះទៅកាន់ខេត្តដទៃដែលមានសក្ដានុពលផ្នែកកសិកម្ម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយបណ្ឌិត ស្ទេហ្វាន់ ហាន់សែលម៉ាន់ ប្រធានកម្មវិធី ICONE និងក្រុមការងារ ដើម្បីពិភាក្សាអំពីទិសដៅនៃការអនុវត្តកម្មវិធី ICONE នៅកម្ពុជា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់កម្មវិធី ICONE ដែលបាន និងកំពុងអនុវត្តយ៉ាងជោគជ័យនូវគម្រោងរបស់ខ្លួននាខេត្តគោលដៅចំនួនបីនៃប្រទេសកម្ពុជា រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប។ ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងអំពីលទ្ធភាពនៃការពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធីនេះទៅកាន់ខេត្តដទៃដែលមានសក្ដានុពលផ្នែកកសិកម្ម ព្រមទាំងរំលេចអំពីវិស័យសក្ដានុពលមួយចំនួនដែលអាចពិចារណាបញ្ចូលក្នុងកម្មវិធី ICONE ដំណាក់កាលទី២ មានដូចជា វិស័យឧស្សាហកម្មឈើដាំ ការកែច្នៃកៅស៊ូ និងការកែច្នៃកាកសំណល់ក្នុងស្រុក ជាដើម។ ឯកឧត្តមអគ្គលេខាធិការបានថ្លែងអំណរគុណ និងបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធី ICONE របស់ទីភ្នាក់ងារ GIZ ដែលបានបន្តការចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៅកម្ពុជា។

លោកបណ្ឌិត ស្ទេហ្វាន់ ហាន់សែលម៉ាន់ បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារ និងបានទទួលយកនូវការលើកឡើងរបស់ឯកឧត្តមអគ្គលេខាធិការសម្រាប់ធ្វើជាធាតុចូល ដើម្បីក្រុមការងារមានមូលដ្ឋានសម្រាប់ពិចារណា និងសិក្សាលម្អិតដាក់ក្នុងកម្មវិធី ICONE ដំណាក់កាលទី២។

សូមបញ្ជាក់ជូនថា កម្មវិធី ICONE ដំណាក់កាលទី១ ត្រូវបានអនុវត្តរយៈពេលជាង ៣ឆ្នាំមកហើយ ដោយចាប់ផ្ដើមអនុវត្តកាលពីខែមេសា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៦ ខាងមុខ។ ដើម្បីបន្តពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជាឱ្យកាន់តែខ្លាំងក្លា និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ទីភ្នាក់ងារ GIZ កំពុងសិក្សាអំពីការបន្តកម្មវិធី ICONE ទៅដំណាក់កាលទី២៕

 

ប្រភពរូបភាពនិងខ្លឹមសារ
#ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia