ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ត្រូវបានព្យាករថានឹងអាចសម្រេចបានក្នុងរង្វង់ ៤,៨% ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពពាណិជ្ជកម្មសកល, ការអនុវត្តអត្រាពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ស្របពេលដែលមានស្ថានភាពតានតឹងនៅតាមបណ្តោយព្រំដែនគោក កម្ពុជា-ថៃ ។

លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF) បានឱ្យដឹងដូច្នេះ នៅក្នុងជំនួបប្រជុំជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងឱកាសជាមួយគ្នានេះ ភាគីទាំង២ ក៏បានជួបប្រជុំ (Wrap-up Meeting) ដើម្បីបូកសរុបលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៃកម្ពុជាសម្រាប់ឆ្នាំ ២០២៥ ។លោក Kenichiro Kashiwase បានលើកឡើងថា៖ ផ្អែកតាមការវាយតម្លៃរបស់ជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ បើទោះបីជាទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានៅបន្តរក្សានូវភាពធន់ និងរក្សាចលនការកំណើនក្នុងឆ្នាំ២០២៥ និងរយៈពេលមធ្យមខាងមុខ កម្ពុជានៅបន្តប្រឈមនឹងហានិភ័យចម្បងមួយចំនួន រួមមាន៖ ១)-ការបន្តកំណើនយឺតនៃសេដ្ឋកិច្ចសកល, ២)-ការថមថយនៃហិរញ្ញប្បទានដែលមានកម្រិតសម្បទានខ្ពស់, ៣)-ភាពតានតឹងនៃជម្លោះព្រំដែនគោក កម្ពុជា-ថៃ ដែលប៉ះពាល់ដល់ចរន្តពាណិជ្ជកម្ម, និង ៤)-ការកើនឡើងនៃសម្ពាធបំណុលក្នុងវិស័យហិរញ្ញវត្ថុជាដើម ។

លោកប្រធានក្រុមបេសកកម្មបានលើកឡើងថា៖

«សេដ្ឋកិច្ចកម្ពុជានឹងបន្តចលនការក្នុងគន្លងនៃកំណើនរឹងមាំសម្រាប់រយៈពេលមធ្យមខាងមុខប៉ុន្តែគឺចាំបាច់ត្រូវជំរុញការអនុវត្តការងារកែទម្រង់និងគោលនយោ​បា​​យ​មុតស្រួចប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា។ ក្នុងនោះ,ការកៀរគរចំណូលនៅតែបន្ត ជាអាទិភាព ក្នុងការបង្កើនឡើងវិញនូវទ្រនាប់ថវិកាជាតិ ស្របពេលដែលរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញនូវវិធានការអន្តរាគមន៍ចំពោះមុខ និងការបន្តលើកកម្ពស់ផលិតភាព និងសមត្ថភាពពលកម្ម, ការបង្កើនភាពប្រកួតប្រជែង, ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោល​នយោបាយចម្រុះ (mixed policy) រវាងគោលនយោបាយសារពើពន្ធ, គោលនយោបាយរូបិយវត្ថុ,និងការកែទម្រង់ជារចនាសម្ព័ន្ធ» ។

ជាមួយនឹងការថ្លែងអំណរគុណ និងការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការវាយតម្លៃរបស់ក្រុមជំនាញការបេសកកម្ម Article IV, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានធ្វើការកត់សម្គាល់ពីសង្គតិភាពនៃនិន្នាការកំណើន (growth trend) និងការវាយតម្លៃកំណើនតាមវិស័យសំខាន់ៗក្នុងឆ្នាំ ២០២៥ បើទោះជាទំហំ (magnitude) និងការរំពឹងទុកសម្រាប់រយៈពេលខាងមុខនៅមានភាពខុសគ្នាបន្តិចបន្តួចក៏ដោយ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា៖

« រាជរដ្ឋាភិបាលបាន និងកំពុងគិតគូរដាក់ចេញនូវវិធានការអន្តរាគមន៍ជាកញ្ចប់ឱ្យចំគោលដៅ និងទាន់ពេលវេលាជាបន្តបន្ទាប់ ពិសេសដល់ក្រុមគ្រួសាររងគ្រោះដោយសារបញ្ហាជម្លោះតាមព្រំដែនគោកកម្ពុជា-ថៃ និងបងប្អូនពលករដែល​វិល​ត្រឡប់មកមាតុភូមិវិញ ព្រមទាំងបន្តដោះស្រាយនូវបញ្ហាជា រចនាសម្ព័ន្ធដូចជាការបង្កើនផលិតភាព, ការលើកកម្ពស់សមត្ថភាពពលកម្ម, ការពង្រឹងអភិបាលកិច្ច, ការបង្កើនបរិយាកាសទាក់ទាញវិនិយោគ, និងការធ្វើពិពិធកម្មទីផ្សារនាំចេញ សំដៅប្រែក្លាយបញ្ហាប្រឈមដែលកម្ពុជាកំពុងជួបប្រទះទៅជាកាលានុវត្តភាពក្នុងការជំរុញកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច »។