ភ្នំពេញ៖ នាព្រឹកថៃ្ងព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រកោះពេជ្រ, ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានទី១ ក្រុមការងារ “ឍ” ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឍ” “ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ” ផ្នែកឯកជន បានអញ្ជើញចូលរួមកម្មវិធីវេទិកាជាតិគណនេយ្យឆ្នាំ២០២០៥ ក្រោមប្រធានបទ “សុខដុមនីយកម្មបទប្បញ្ញត្តិ ការរាយការណ៍ព័ត៌មានចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ពីធីនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងស្ថាប័នរដ្ឋាភិបាល, តំណាងសមាគមធុរកិច្ចឯកជន, តំណាងក្រុមហ៊ុនឯកជនក្នុងវិស័យគណនេយ្យ និងសវនកម្ម និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

វេទិកាជាតិគណនេយ្យ គឺជាព្រឹត្តិការណ៍ថ្នាក់ជាតិសម្រាប់កិច្ចសហប្រតិបត្តិការ ការសិក្សា និងការចែករំលែកនូវចំណេះដឹងវិជ្ជាជីវៈគណនេយ្យក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស) នៃអាជ្ញាធរសវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) ដែលជាស្ថាប័ននិយ័តករមានសមត្ថកិច្ច និងគុណតម្លៃវិជ្ជាជីវៈ ព្រមទាំងមានកិច្ចដំណើរការប្រកបដោយនិរន្តភាព និងគណនេយ្យភាព ដោយទទួលនូវការទុកចិត្តពីរាជរដ្ឋាភិបាល វិស័យឯកជន និងតួអង្គពាក់ព័ន្ធផ្សេងទៀតក្នុងការគ្រប់គ្រងវិស័យគណនេយ្យ និងសវនកម្ម ដើម្បីទ្រទ្រង់ និងគាំពារការអភិវឌ្ឍលើគ្រប់វិស័យហិរញ្ញវត្ថុ ពិសេសវិស័យហិរញ្ញវត្ថុ សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព និងបរិយាបន្ន៕

ដើម្បីគាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា និងដើម្បីអាចសម្របខ្លួនទៅនឹងការវិវត្តឥតឈប់ឈរនៃសេដ្ឋកិច្ចសកល និយ័តករគណនេយ្យ និងសវនកម្មនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ពិនិត្យឃើញថា ការដាក់ឱ្យអនុវត្ត “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យគណនេយ្យនិង សវនកម្មនៅកម្ពុជា២០២៥-២០៣៥” គឺជាត្រីវិស័យដើម្បីតម្រង់ទិសដល់និយ័តករគណនេយ្យ និងសវនកម្ម ក្នុងការបំពេញមុខងារ និងភារកិច្ចរបស់ខ្លួនឱ្យបានពេញលេញ និងចំទិសដៅនៃកំណែទម្រង់ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០។
ឆ្លៀតក្នុងឱកាសនោះ ឧកញ៉ា លឹម សុជាតិ ក៏បានចូលរួមជាវាគ្មិន ដើម្បីផ្តល់ជាទស្សនៈទានលើការអនុវត្តការរាយការណ៍ហិរញ្ញវត្ថុឌីជីថលក្នុងពេលបច្ចុប្បន្នផងដែរ។
វេទិកានេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៧:៣០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
