ភ្នំពេញ ៖ ឆ្នាំ២០២៥នេះ អាចចាត់ទុកជាឆ្នាំវិនិយោគឡើងវិញនៅក្នុងប្រទេសកម្ពុជា ដោយក្នុងរយៈពេល៨ខែប៉ុណ្ណោះ កម្ពុជាបានទទួលគម្រោងវិនិយោគសរុបចំនួន៤៩១គម្រោង គិតជាទឹកប្រាក់ចុះបញ្ជីវិនិយោគមានរហូតដល៧,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានរហូតដល់៣៤ម៉ឺនកន្លែង ។ នេះ បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះផ្សាយថ្ងៃទី០៣ កញ្ញា ២០២៥ ។

យោងតាមរបាយការណ៍ដដែលបានបញ្ជាក់ថាក្នុងរយៈពេល៨ខែដើមឆ្នាំ ២០២៥នេះ ចំនួនគម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត មានកំណើនរហូតដល់៧១ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ ដោយកើនឡើង២០៤គម្រោង ខណៈទុនវិនិយោគមានការកើនឡើងរហូតដល់៥០ភាគរយ ឬប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក ។
សម្រាប់ឆ្នាំ ២០២៤កន្លងទៅ គម្រោងវិនិយោគដែលបានអនុម័តសរុបមានចំនួន៤១៤គម្រោង គិតជាប្រាក់មានចំនួនជាង៦ពាន់លានដុល្លារអាម៉េរិក ដូច្នេះ ទាំងគម្រោងវិនិយោគនិងទឹកប្រាក់ចុះបញ្ជីវិនិយោគ ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៥នេះ មានចំនួនលើសគម្រោងវិនិយោគ និងទឹកប្រាក់ចុះបញ្ជីក្នុងឆ្នាំ២០២៤ ពេញមួយឆ្នាំទៅហើយ ។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញពីប្រភពទុនវិនិយោគ ដែលច្រើនជាងគេក្នុងរយៈពេល៨ខែ នេះ គឺប្រភពទុនវិនិយោគមកពីប្រទេសចិន ដែលមានរហូតដល់៥២,៨២ភាគរយ បន្ទាប់មកគឺប្រភពទុនក្នុងស្រុកដែលមានចំណែកប្រមាណ ៣១,២៦ភាគរយ ។ សិង្ហបុរី និងវៀតណាមក៏ជាប្រភពទុនសំខាន់មួយដែលបានដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា ក្នុងនោះសិង្ហបុរី៦,៩៤ភាគរយ វៀតណាម ៥,៤៥ភាគរយ ៕

