ភ្នំពេញ ៖ ពិធីបើក សម្ពោធជាផ្លូវការនៃស៊េរីពិព័រណ៍អន្តរជាតិ សម្រាប់វិស័យកសិកម្ម សត្វចិញ្ចឹម នេសាទ និងវាវីប្បកម្ម គ្រឿងសម្អង ឱសថស្ថាន មន្ទីរពិសោធន៍ ឧបករណ៍វេជ្ជសាស្រ្ត អាហារ និងភេសជ្ជៈ និងឧស្សាហកម្មសត្វចិញ្ចឹម នៅប្រទេសកម្ពុជា។

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថា ក្នុងពិធីបើក សម្ពោធជាផ្លូវការនៃស៊េរីពិព័រណ៍អន្តរជាតិ សម្រាប់វិស័យកសិកម្ម សត្វចិញ្ចឹម នេសាទ និងវាវីប្បកម្ម គ្រឿងសម្អង ឱសថស្ថាន មន្ទីរពិសោធន៍ ឧបករណ៍វេជ្ជសាស្រ្ត អាហារ និងភេសជ្ជៈ និងឧស្សាហកម្មសត្វចិញ្ចឹម នៅប្រទេសកម្ពុជា។

ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមមានការអញ្ជើញ ចូលរួមពី ឯកឧត្ដម រស់ សូដែន, រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម, អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោក DO VIET PHUONG ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា លោក វីន នី, គណៈកម្មការរៀបចំពិព័រណ៍ និងនាយកគ្រប់គ្រងក្រុមហ៊ុន VEAS (Vietnam Exhibition & Advertising Service Co., Ltd.), ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និង សមាគមធុរកិច្ច-វិនិយោគ ក្រុមហ៊ុនតាំងពិព័រណ៌ អ្នកជំនួញ និងភ្ញៀវជាតិ-អន្តរជាតិ ជាច្រើន។

ស៊េរីពិព័រណ៍អន្តរជាតិនេះប្រព្រឹត្តទៅរយះពេល៣ថ្ងៃចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅ មជ្ឈមណ្ឌលតាំងពិពណ៌ និងសន្និបាតកោះពេជ្រ។
ក្នុងឱកាសនោះដែរ ឧកញ៉ា បណ្ឌិត បានលើកឡើងថា ការតាំងពិព័រណ៍អន្តរជាតិនៅពេលនេះ គឺរៀបចំឡើង ស្របតាមការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សកម្មរបស់កម្ពុជា នៅលើវិស័យកសិកម្ម ដែលជាឆ្អឹងខ្នងសំខាន់នៃសេដ្ឋកិច្ចជាតិ ជាមួយនឹងការរីកចម្រើនលើ ផលិតផលគ្រឿងសម្អាង ឱសថស្ថាន មន្ទីរពិសោធន៍ ឧបករណ៍វេជ្ជសាស្ត្រ ចំនីអាហារ និង ភេសជ្ជៈ និងព្រមទាំងឧស្សាហកម្មសត្វចិញ្ចឹមនៅកម្ពុជា ដែលកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលនេះជាឱកាសដ៏ល្អ សម្រាប់កិច្ចសហប្រតិបត្តិក្នុងការពង្រឹងអាជីវកម្មឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងឆ្នាំនេះ, ពិព័រណ៍អន្តរជាតិបានប្រមូលផ្តុំយីហោលើសពី២០០ មកពីបណ្តាលប្រទេស និងតំបន់ជាង១០ ដែលមានការចូលរួមពីកម្ពុជា សាធារណរដ្ឋឆែក ចិន ឥណ្ឌា កូរ៉េខាងត្បូង ម៉ាឡេស៊ី ប៉ាគីស្ថាន កោះតៃវ៉ាន់ ប្រទេសហូឡង់ វៀតណាម និងប្រទេសផ្សេងទៀត ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីកម្រិតទំនុកចិត្តអន្តរជាតិចំពោះទីផ្សារកម្ពុជា។ តាមរយៈការបង្រួបបង្រួមវិស័យទាំងអស់នេះ ពិព័រណ៍បានបង្កើតឱកាសសហការ ដ៏មានប្រសិទ្ធភាពសម្រាប់ការតភ្ជាប់អាជីវកម្ម ការបង្កើតដៃគូ ការវិនិយោគ និងការចែករំលែកចំណេះដឹងដែលទាំងអស់សុទ្ធតែមានសារៈសំខាន់សម្រាប់ការរីកចម្រើ ប្រកបដោយចីរភាព និងសមត្ថភាពប្រកួតប្រជែង។

ជាកិច្ចបញ្ចប់ ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះ បណ្តាលក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំរៀបចំ និងដឹកនាំការតាំងពិពណ៌ផ្សេងៗជាច្រើន ដែលបាននាំយកនូវចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យា ទំនើបៗ មកចែករំលែកជាមួយ វិស័យឯកជន ក្នុងប្រទេសកម្ពុជា ហើយក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា នឹងបន្តគាំទ្រនិងសហការរៀបចំតាំងពិព័រណ៍ផ្សេងៗបន្តទៀត៕