គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានឈានដល់ដំណាក់កាលត្រៀមរៀបចំកិច្ចលទ្ធកម្មជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់ និងគ្រោងបើកការដ្ឋានសាងសង់នៅអំឡុងពេលឆមាសទី១ ឆ្នាំ២០២៦ នាពេលខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

ប្រភពដដែលបានឲ្យដឹងទៀតថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយករងគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើលទ្ធភាពបម្រុងទីតាំងសម្រាប់ដំឡើងប្រព័ន្ធបំពង់មេនាំទឹកស្អាតតាមបណ្តោយស្ពាន ក្នុងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដោយមានការចូលរួមពីសំណាក់សមាជិកអង្គភាពគ្រប់គ្រងគម្រោង (PMU) មន្ត្រីជំនាញនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin Joint Venture (YSJV)។

