(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងពិធីបើក «សម្ពោធជាផ្លូវការនៃការតាំងពិព័រណ៍ផលិតផលចិននៅកម្ពុជា ២០២៥» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅមជ្ឈមណ្ឌលតាំងពិពណ៌ និងសន្និបាតកោះពេជ្រ។ ពិធីបើកសម្ពោធក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ប៊ុន ចន្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោក Chen Jiu Zhou អគ្គនាយកក្រុមហ៊ុន Jinbo Zhejiang Exhibition Co., Ltd. និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងវត្តមាន ប្រធានសមាគមធុរកិច្ចជាតិ-អន្តរជាតិ ក្រុមហ៊ុនតាំងពិព័រណ៌ និងភ្ញៀវជាតិ-អន្តរជាតិ ជាច្រើនកុះករ។

ការតាំងពិព័រណ៍នេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលតាំងពិពណ៌ និងសន្និបាតកោះពេជ្រ ដែលមានការអញ្ជើញចូលរួមដាក់តាំងបង្ហាញពីផលិតផលក្នុងវិស័យគ្រឿងបន្លាស់យានយន្ត គ្រឿងអេឡិចត្រូនិច ផលិតផលវាយនភ័ណ្ឌ និងផលិតផលជាច្រើន ដោយមានសហគ្រាសមកពីប្រទេសចិនជាង១០០សហគ្រាស និងអ្នកវិនិយោគចិនជាច្រើនចូលរួម ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និងដៃគូសហការក្នុងការនាំចូល និងវិនិយោគក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនោះផងដែរ ឧកញ៉ា បណ្ឌិតាន់ មុនីវណ្ណ បានមានប្រសាសន៍ថា ការតាំងពិពណ៌នៅពេលនេះ គឺប្រទេសចិនបានជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល១២ឆ្នាំជាប់គ្នា និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម និងការវិនិយោគ។ ហើយការសហការរវាងកម្ពុជា-ចិន ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏កាន់តែជិតស្និទ្ធឡើង ហើយទំនិញចិនមានតម្រូវការជាច្រើននៅក្នុងទីផ្សារកម្ពុជា។
ហើយក្នុងឆ្នាំនេះ, ព្រឹត្តិការណ៍តាំងពិព័រណ៍ដ៏សំខាន់នេះ នឹងបង្កើតជាវេទិការសម្រាប់តាំងបង្ហាញពីផលិតផលក្នុងវិស័យគ្រឿងបន្លាស់យានយន្ត គ្រឿងអេឡិចត្រូនិច និងផលិផលវាយនភ័ណ្ឌ និងផលិតផលជាច្រើនទៀត ដោយមានសហគ្រាសមកពីប្រទេសចិននិងប្រទេសកម្ពុជា ព្រមទាំងអ្នកវិនិយោគចិន និងកម្ពុជា ជាច្រើនបានចូលរួម ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និងដៃគូសហការក្នុងការនាំចូល និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ហើយនេះក៏ជាឱកាសលើកកម្ពស់ការវិនិយោគកម្ពុជា-ចិនដើម្បីលើកទឹកចិត្តឱ្យ សហគ្រាសចិន ចូលមកវិនិយោគនៅកម្ពុជា និងជួយទាក់ទាញសហគ្រាសកម្ពុជា ឱ្យស្វែងរកដៃគូជាមួយវិនិយោគិនចិន ដើម្បីបង្កើតឱកាសសហការ ដ៏មានប្រសិទ្ធភាពសម្រាប់ការតភ្ជាប់អាជីវកម្ម ការបង្កើតដៃគូវិនិយោគ និងការចែករំលែកចំណេះដឹង ដែលទាំងអស់នេះសុទ្ធតែមានសារៈសំខាន់សម្រាប់ការរីកចម្រើនប្រកបដោយចីរភាព។

ជាមួយគ្នានេះផងដែរ ឧកញ៉ា បណ្ឌិត មានជំនឿយ៉ាងមុតមាំថា ការតាំងពិព័រណ៍រយះពេល៣ថ្ងៃនេះ នឹងផ្តល់ឱកាស និងអត្ថប្រយោជន៍យ៉ាងច្រើន ដល់បណ្តាលក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងការសហការនាំចូលផលិតផលពីបណ្តាលសហគ្រាសដែលបានចូលរួមតាំងបង្ហាញផ្ទាល់ និងជាឱកាសថ្មីៗ សម្រាប់ជំនួបពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការជំនួញ ក្នុងការជម្រុញវិនិយោគនៅកម្ពុជា។