ភ្នំពេញ ៖ នាព្រឹកថៃ្ងអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ និយ័តករមូលបត្រកម្ពុជា នៅសណ្ឋាគារ សុខា ភ្នំពេញ, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) រួមនិង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានចូលរួម សន្និសីទមូលបត្រប្រចាំឆ្នាំ២០២៥ ក្រោមមូលបទស្តីពី “ការវិវត្តនៃវិស័យមូលបត្រ៖ ចីរភាព, នវានុវត្តន៍, បរិយាបន្ន និងភាពធន់” ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។

នៅក្នុងអង្គសន្និសីទមូលបត្រខាងលើនេះដែរ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.), សន្និសីទនេះក៏មានការចូលរួមពីនិយ័តករក្នុងវិស័យផ្សេងៗ និងតំណាងសមាគមធុរកិច្ចឯកជន, តំណាងធនាគារជាតិកម្ពុជា, តំណាងក្រសួង-ឯកស្ថាប័នពាក់ព័ន្ធ និងសមាគមធនាគានៅកម្ពុជា,ធនាគាឯកជនជាច្រើន និង អ្នកជំនាញផ្នែក ហិរញ្ញវត្ថុជាន់ខ្ពស់របស់ ADB, តំណាងនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់ តំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការសហប្រជាតិ (UNESCAP), តំណាងនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលនៅកម្ពុជា (GGGI) និងតំណាងនៃគណៈកម្មការមូលបត្រម៉ាឡេស៊ី (SCM), តំណាងនៃគណៈកម្មការមូលបត្រហ្វីលីពីន (PSEC), តំណាងនៃគណៈកម្មការមូលបត្ររដ្ឋវៀតណាម (SSC), តំណាងនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

គោលបំណងនៃការរៀបចំសន្និសីទនេះ គឺដើម្បីផ្តល់ជាសារដ៏សំខាន់ សម្រាប់អ្នកចូលរួមបានដឹងអំពីការអនុវត្តកន្លងមក និងផ្តល់ជាចំណេះដឹង តាមរយ:
១. កិច្ចពិភាក្សាទី១ ស្តីពី “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ៖ មាគ៌ាក្នុងការជំរុញកំណើនវិស័យមូលបត្រនៅកម្ពុជា ។
២. កិច្ចពិភាក្សាទី២ ស្តីពី “ទីផ្សារមូលបត្រកម្ពុជា៖ លើសពីប្រភព នៃការកៀរគរមូលនិធិ
៣.កិច្ចពិភាក្សាទី៣ ស្តីពី “សារៈសំខាន់នៃការអភិវឌ្ឍទីផ្សារមូលបត្រ ប្រកបដោយចីរភាព”
៤. កិច្ចពិភាក្សាទី៤ ស្តីពី ទីផ្សារឧបករណ៍និស្សន្ននៅកម្ពុជា៖ សក្តានុពលនៃការរីកចម្រើន និងកិច្ចគាំពារវិនិយោគិន”
៥. កិច្ចពិភាក្សាទី៥ ស្តីពី “ដំណើរឆ្ពោះទៅរកសមាហរណកម្មទីផ្សារ មូលបត្រក្នុងតំបន់
នឹងមានការធ្វើបទបង្ហាញស្តីពី៖ ការវិនិយោគលើឯកតាមូលនិធិនៅកម្ពុជា៖ច្រកនៃការធ្វើពិពិធកម្មវិនិយោគ និងការកាត់បន្ថយហានិភ័យ
៦. កិច្ចពិភាក្សាតទល់៖ “បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅ ក្នុងវិស័យមូលបត្ររបស់ ន.ម.ក. និងក្របខ័ណ្ឌបទប្បញ្ញត្តិ ទ្រព្យឌីជីថល ៕