ភ្នំពេញ ៖ ក្រោយបញ្ចប់ការ​វាស់វែង​ដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ​ រដ្ឋបាលខេត្តកណ្ដាល​បានប្ដេជ្ញា​ថា នឹង​ចេញបណ្ណកម្មសិទ្ធិ​ដីធ្លីជូនពលរដ្ឋ​​ឱ្យអស់​នៅត្រឹមចុងឆ្នាំ ២០២៥​នេះ ដើម្បីឱ្យ​ពលរដ្ឋ​មានភាពកក់​ក្ដៅក្នុងការ​អាស្រ័យផល​លើដីធ្លីរបស់ពួកគាត់ និងបញ្ចប់វិវាទ ។​

នៅក្នុងពិធីចែក​វិញ្ញា​បន​បត្រ​សម្គាល់ម្ចាស់អចលនវត្ថុ​​ជូនពលរដ្ឋ​មកពី​១៨ភូមិ ក្នុងឃុំ​ចំនួន​៣ ចំណុះស្រុកអង្គ​ស្នួល ខេត្ត​កណ្ដាល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥​ ឯកឧត្តម ​កួច​ ចំរើន អភិបាលខេត្តកណ្ដាល​បានមានប្រសាសន៍ថា នៅចុង​ឆ្នាំ២០២៥​នេះ ឯកឧត្តម​នឹង​ប្ដេជ្ញា​ខិតខំ​ពន្លឿនកា​រចេញបណ្ណ​កម្មសិទ្ធិដីធ្លីជូនពលរដ្ឋ​ក្នុ​ងខេត្ត​ឱ្យអស់ទាំង​ស្រុង​ ដោយឯកឧត្តមក៏បានជំរុញឱ្យ​អាជ្ញាធរ​​មូល​ដ្ឋាន​​ ត្រូវផ្សព្វផ្សាយ​ឱ្យបានទូលំទូលាយ​ក្នុងការជូនដំណឹង​ដល់ពលរដ្ឋដែលមិន​បានមកទទួល​យក​បណ្ណ​កម្មសិទ្ធិដីធ្លី​ ត្រូវរួសរាន់​មកទទួល​យកបណ្ណកម្មសិទ្ធិ​ឱ្យបានគ្រប់ៗគ្នា​ពីមន្ត្រីសុរិយោដីនៅក្នុងមូលដ្ឋានរបស់ខ្លួន តាមការ​កំណត់​របស់មន្ត្រីជំនាញ​ ជៀស​វាងមានការ​បង់ផាក​លើ​សេវា​ថែរក្សា​បណ្ណជូនម្ចាស់កម្មសិទ្ធិ ។


ឯកឧត្តម​មានប្រសាសន៍​បន្តថា ៖

«បញ្ហាដីធ្លី រដ្ឋបាលខេត្តកណ្តាល ព្រមទាំងមន្ទីររៀបចំដែនដី នគរូបនីយ​កម្ម សំណង់ និងសូរិយោដីខេត្ត បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងប្ដេជ្ញាខិតខំពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋទូទាំងខេត្តឱ្យបានលឿនរួចរាល់អស់នៅចុងឆ្នាំ២០២៥ នេះ ពីព្រោះការចុះបញ្ជីដីធ្លី គឺជាផ្នែកមួយដ៏មានសារៈសំខាន់ ក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ក្នុងគោល​បំណងជាទូទៅ គឺសំដៅពង្រឹងសន្តិសុខកម្មសិទ្ធិដីធ្លី ទីផ្សារដីធ្លី ទប់ស្កាត់ និងដោះស្រាយជម្លោះដីធ្លី គ្រប់គ្រងដីធ្លីប្រកបដោយសមធម៌ និរន្តរភាព និងប្រសិទ្ធភាព» ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ​សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានលើកឡើងថា ការ​បញ្ចប់ការ​វាស់វែងដីធ្លី ចុះបញ្ជីធ្លី និង​ចេញបណ្ណកម្មសិទ្ធិ​ដីធ្លីជូន​ពលរដ្ឋ​ទូទាំងអស់​ឱ្យ​អស់​គឺជាការ​បញ្ចប់នូវវិវាទ បង្កើតការបរិយាកាសរីករាយគ្មាន​ទំនាស់​ដីធ្លី​ក្នុង​សហគមន៍ និងលើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​​របស់ពលរដ្ឋកម្ពុជា​ផងដែរ ។

ឯកឧត្តមក៏ធ្លាប់​បានលើកឡើង​ផងដែរថា ការ​បញ្ចប់ការ​វាស់វែង​ដីធ្លីទាំងស្រុ​ង​​នាពេលនេះ គឺជាប្រវត្តិសាស្ត្រ​សម្រាប់ប្រទេស​កម្ពុជា ហើយបន្ទាប់ពីនេះ ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​និងសំណង់​ នឹង​បន្ត​សមរភូមិ​ថ្មីៗផ្សេងទៀត ដើម្បីបន្តមរតក​សុខសន្តិភាព ធ្វើឱ្យ​មរតក​នេះ​ចាក់គ្រឹះក្នុង​សង្គម​កម្ពុជាកាន់តែខ្លាំង ការពារ​កុំឱ្យមានការ​បែកបាក់​វិល​ត្រលប់មកវិញ​សម្រាប់ប្រជាជន​កម្ពុជាជំនាន់​ក្រោយៗទៀត​ ។

គួរ​បញ្ជាក់ថា ក្រោយ​បញ្ចប់ការ​វាស់វែង​ដីធ្លីមានលក្ខណៈជា​ប្រព័ន្ធនៅទូទាំង​ប្រទេស​ ឃើញថា​បណ្ដា​ខេត្ត​នានា​ចាប់ផ្ដើម​ចែក​បណ្ណកម្មសិទ្ធិ​ដីធ្លីជូន​ពលរដ្ឋដែល​ចុះបញ្ជី​និងបិទផ្សាយជាសាធារណៈរួច​រាល់​ ដើម្បីឱ្យ​ពលរដ្ឋ​អាច​យកបណ្ណកម្មសិទ្ធិនោះទៅប្រើប្រាស់​តាម​តម្រូវការ​ចាំបាច់នានា​ ៕