រោងចក្រផ្គុំ និងដំឡើងរថយន្តដ៏ធំមួយនឹងលេចរូបរាងឡើងនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង នាពេលឆាប់ៗខាងមុខនេះ ។ ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ( TH Automotive Manufacturing ) នឹងបង្កើតរោងចក្រផ្គុំដំឡើងរថយន្តប្រភេទ CHEVROLET និង GAC ដែលមានទុនវិនិយោគប្រមាណជិត២០លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ពេលរោងចក្រនេះបើកដំណើរការ នឹងអាចបង្កើនឱកាសការងារបានចំនួន ១,១៤២ កន្លែងដល់ប្រជាជនដែលបានរស់នៅតំបន់នោះ។
សូមបញ្ជាក់ថា៖ គិតចាប់តាំងពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៥ នេះ ខេត្តកំពង់ឆ្នាំង ទទួលបានគម្រោងវិនិយោគសរុបចំនួន ១៥។ ដោយឡែកក្នុងរយៈពេល ៨ ខែឆ្នាំ២០២៥ នេះ ប្រទេសកម្ពុជាទាំងមូលគឺទទួលបានគម្រោងវិនិយោគសរុបចំនួន ៤៩១ គម្រោង មានទុនវិនិយោគ សរុប ៧.២ លានដុល្លារ និងអាចបង្កើតឱកាសបានចំនួន ៣៤ ម៉ឺនកន្លែងជូនពលរដ្ឋនៅទូទាំង ប្រទេសផងដែរ៕