នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយជាមួយគណៈប្រតិភូទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម Du Xiaogang លេខាបក្សទីក្រុងអ៊ូស៊ី ដោយមានការចូលរួមពីលោក Sun Wei អភិបាលរងទីក្រុងអ៊ូស៊ី និងលោក Chen Jiangang ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តមអគ្គលេខាធិការបានលើកទ្បើងពីភាពល្អប្រសើរនៃស្ថានភាពវិនិយោគនៅកម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគដ៏គំហុកក្នុងឆ្នាំ២០២៤ និងកំណើនវិនិយោគក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៥, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា, ពិសេសភាពរីកចម្រើននៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងពីសារៈសំខាន់នៃ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” ក្នុងការជំរុញទាក់ទាញការវិនិយោគ ហើយម្យ៉ាងទៀត រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ទំនិញនាំចេញពីកម្ពុជា និងដាក់ចេញនូវវិធានការថ្មីៗសំដៅសម្រួលដល់ការធ្វើធុរកិច្ចនិងវិនិយោគ។ ឯកឧត្តមអគ្គលេខាធិការក៏បានស្នើសូមឱ្យភាគីចិនជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងបានស្នើឱ្យមានការគិតគូរវិនិយោគបង្កើតតំបន់កែច្នៃកសិផលនៅកម្ពុជា ដើម្បីនាំទៅទីផ្សារចិន។

ជាការឆ្លើយតប ឯកឧត្តម Du Xiaogang លេខាបក្សទីក្រុងអ៊ូស៊ី បានឱ្យដឹងថា៖ ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺឆ្លើយតបនឹងស្មារតីនៃកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានប្រព្រឹត្តទៅកាលពីខែកក្កដា ឆ្នាំ២០២៥កន្លងមក និងដើម្បីបន្តកិច្ចការមួយចំនួនដែលបានពិភាក្សាគ្នាក្នុងកិច្ចប្រជុំនាពេលនោះ ជាពិសេស ការត្រៀមរៀបចំកិច្ចប្រជុំលើកទី៥ ដែលគ្រោងធ្វើនៅប្រទេសចិន។ ឯកឧត្តម Du Xiaogang ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងរបស់ថ្នាក់ដឹកនាំទីក្រុងអ៊ូស៊ីក្នុងការឧបត្ថម្ភគាំទ្រឱ្យមានជើងហោះហើរត្រង់ និងការដឹកជញ្ជូនត្រង់រវាងក្រុងអ៊ូស៊ី និងខេត្តព្រះសីហនុ ដែលការណ៍នេះបានចូលរួមចំណែកជំរុញការអភិវឌ្ឍខេត្តព្រះសីហនុទាំងមូល ក៏ដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ឯកឧត្តម Du Xiaogang បានលើកឡើងនូវសំណូមពរមួយចំនួនសំដៅបន្តជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យកាន់តែរីកចម្រើន និងមានភាពទាក់ទាញបន្ថែមទៀត។
#បរភពរូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC