ភ្នំពេញ ៖ គម្រោងវិនិយោគចំនួន១១ ដែលមានទុនសរុបប្រមាណ ៤០០លានដុល្លារអាម៉េរិក បានស្នើសុំការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាលដើម្បីបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តទាំង៤ នៃតំបន់ភូមិភាគឦសាន ដែលតាមរយៈគម្រោងទាំងនេះអាចនឹងបង្កើតការងារប្រមាណ ៨០០កន្លែង ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារជំរុញការវិនិយោគខេត្តទាំង៤ក្នុងភូមិភាគឦសាន ។
បើតាមក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសានបានឱ្យដឹងថា គម្រោងវិនិយោគទាំង១១នេះ គ្របខេត្តលើខេត្តទាំង៤ ក្នុងនោះខេត្តក្រចេះ មានគម្រោង៤ ខេត្តស្ទឹងត្រែងមាន ១គម្រោង ខេត្តរតនគិរីមាន ៤គម្រោង និងខេត្តមណ្ឌលគិរីមាន ២គម្រោង ។
បើតាមលេខាធិការដ្ឋាននៃក្រុមការងារជំរុញការវិនិយោគភូមិភាគឦសានបានបញ្ជាក់ថា គម្រោងវិនិយោគទាំងនោះ គ្របដណ្ដប់លើវិស័យ និងសកម្មភាពចម្រុះ ដូចជា សកម្មភាពផលិត និងការកែច្នៃកសិកម្ម ការដាំដុះ និងការកែច្នៃដំណាំកសិ-ឧស្សាហកម្ម ការសាងសង់សណ្ឋាគារ-រីសត ការបង្កើតគ្រឹះស្ថានអប់រំ ការបង្កើតមណ្ឌលថែទាំសុខភាពឯកជន និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដូចជាគម្រោងសាងសង់កំពង់ផែពហុបំណង និងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅក្នុងខេត្តក្រចេះ។

ក្រុមការងារបានបញ្ជាក់ថា កំពង់ផែពហុបំណងនេះនឹងក្លាយជាកំពង់ផែពហុបំណងដំបូងរបស់ខេត្តផង និងសម្រាប់ភូមិភាគឦសានផង ដែលនឹងដើរតួនាទីសំខាន់ក្នុងការបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹក និងប្រែក្លាយតំបន់នេះទៅជាមជ្ឈមណ្ឌលឡូជីស្ទីកសម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និងឧស្សាហកម្ម ក៏ដូចជាការតភ្ជាប់ជាមួយនឹងប្រព័ន្ធឡូជីស្ទីកនៃព្រែកជីកហ្វូណនតេជោនាពេលអនាគត ។
បន្ថែមលើភាពចម្រុះនៃវិស័យវិនិយោគ ភូមិភាគឦសាន ក៏ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនចម្រុះជាតិសាសន៍ផងដែរ ។ ជាក់ស្តែង សម្រាប់សំណើលើកនេះ ក្រុមការងារបានទទួលសំណើពីវិនិយោគិន ចិន ជប៉ុន វៀតណាម ក៏ដូចជាវិនិយោគិនក្នុងស្រុក ដែលមានទាំងវិនិយោគិនថ្មី និងវិនិយោគិនដែលមានស្រាប់ក្នុងតំបន់ មានចំណាប់អារម្មណ៍ក្នុងការពង្រីកវិសាលភាពនៃសកម្មភាពវិនិយោគរបស់ខ្លួន បន្ទាប់ពីបានជ្រួតជ្រាបអំពីអត្ថប្រយោជន៍ពិសេសនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន ។
នៅក្នុងកិច្ចប្រជុំពិនិត្យសម្រេចលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេសជាលើកទី ២ សម្រាប់គម្រោងវិនិយោគចំនួន១១នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់លើអភិក្រមបុរេសកម្មរបស់ ក.វ.ឦសាន រួមទាំងអនុគណៈកម្មធិការវិនិយោគខេត្ត និងស្ថាប័នពាក់ព័ន្ធ នៅតាមមូលដ្ឋាននៃបណ្តាខេត្តទាំង៤ ដែលមានភារកិច្ចសំខាន់ក្នុងការផ្សព្វផ្សាយអត្ថប្រយោជន៍របស់កម្មវិធីពិសេសនេះឱ្យបានទូលំទូលាយ និងជួយផ្តល់ការគាំទ្រ ការប្រឹក្សាយោបល់ និងការសម្រួលនីតិវិធីជាអតិបរមា ប្រយោជន៍ដើម្បីបង្កើតបរិយាកាសកក់ក្តៅ ភាពទាក់ទាញនៃវិនិយោគ និងការចូលរួមក្នុងបេសកកម្មរួម ក្នុងការជំរុញ និងថែទាំវិនិយោគនៅភូមិភាគឦសាន ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារ និងអនុគណៈកម្មាធិការវិនិយោគខេត្ត ត្រូវចុះទៅកាន់ទីតាំងវិនិយោគជាប្រចាំ បើទោះបីជាមាន ឬមិនមានសំណើគម្រោងវិនិយោគក្តី ដើម្បីជួបជាមួយវិនិយោគិន ស្តាប់អំពីកង្វល់/បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយសមស្របសម្រាប់វិនិយោគិន ដូចអ្វីដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី បានក្រើនរំលឹកអំពីតួនាទីជា «អ្នកដោះស្រាយបញ្ហា» មិនមែនជា «អ្នកបង្កបញ្ហា» ។