ភ្នំពេញ ៖ គម្រោង​វិនិយោគ​ចំនួន​១១ ដែល​មានទុន​សរុប​ប្រមាណ ៤០០លានដុល្លារអាម៉េរិក​ បាន​ស្នើ​សុំ​ការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល​ដើម្បី​បណ្ដាក់ទុនវិនិយោគ​នៅក្នុង​ខេត្តទាំង៤ នៃ​តំបន់​ភូមិភាគឦសាន ដែលតាមរយៈគម្រោងទាំង​នេះអាច​នឹង​បង្កើតការងារ​ប្រមាណ ៨០០កន្លែង​ ។ នេះបើតាម​សេចក្ដី​ប្រកាសព័ត៌មានរបស់​ក្រុមការងារ​ជំរុញការ​វិនិយោគខេត្ត​ទាំង៤​ក្នុងភូមិភាគឦសាន ។​

បើតាម​ក្រុមការងារជំរុញការ​វិនិយោគក្នុងភូមិភាគឦសាន​បានឱ្យដឹងថា គម្រោង​វិនិយោគទាំង​១១​នេះ គ្របខេត្ត​លើ​ខេត្តទាំង​៤ ក្នុងនោះខេត្ត​ក្រចេះ មានគម្រោង​៤ ខេត្ត​ស្ទឹងត្រែង​មាន ១​គម្រោង ខេត្ត​រតនគិរី​មាន ​៤គម្រោង និង​ខេត្ត​មណ្ឌលគិរី​មាន ​២គម្រោង​ ។

បើតាម​លេខាធិការ​ដ្ឋាននៃក្រុមការងារជំរុញការ​វិនិយោគ​ភូមិ​ភាគឦសានបាន​បញ្ជាក់ថា​ គម្រោង​វិនិយោគទាំង​នោះ គ្រប​ដណ្ដប់​លើ​វិស័យ និងសកម្មភាពចម្រុះ​ ដូចជា ​សកម្មភាពផលិត និងការកែច្នៃកសិកម្ម ការដាំដុះ និងការ​កែច្នៃដំណាំ​កសិ-ឧស្សាហកម្ម ការ​សាងសង់​សណ្ឋាគារ​-រីសត ការ​បង្កើត​គ្រឹះស្ថាន​អប់រំ ការបង្កើតមណ្ឌលថែទាំសុខភាព​ឯកជន និងការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដូចជាគម្រោង​សាងសង់​កំពង់ផែពហុបំណង​​ និងការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់នៅក្នុង​ខេត្ត​ក្រចេះ។


ក្រុមការងារ​បានបញ្ជាក់ថា កំពង់ផែពហុបំណងនេះនឹងក្លាយជាកំពង់ផែពហុបំណងដំបូងរបស់ខេត្តផង និងសម្រាប់ភូមិភាគឦសានផង ដែលនឹងដើរតួនាទីសំខាន់ក្នុងការបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹក និងប្រែក្លាយតំបន់នេះទៅជាមជ្ឈមណ្ឌលឡូជីស្ទីកសម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និងឧស្សាហកម្ម ក៏ដូចជាការតភ្ជាប់ជាមួយនឹងប្រព័ន្ធឡូជីស្ទីកនៃព្រែកជីកហ្វូណនតេជោនាពេលអនាគត ។

បន្ថែមលើភាពចម្រុះនៃវិស័យវិនិយោគ ភូមិភាគឦសាន ក៏ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនចម្រុះជាតិសាសន៍ផងដែរ ។ ជាក់ស្តែង សម្រាប់សំណើលើកនេះ ក្រុមការងារបានទទួលសំណើពីវិនិយោគិន ចិន ជប៉ុន វៀតណាម ក៏ដូចជាវិនិយោគិនក្នុងស្រុក ដែលមានទាំងវិនិយោគិនថ្មី និងវិនិយោគិនដែលមានស្រាប់ក្នុងតំបន់ មានចំណាប់អារម្មណ៍ក្នុងការពង្រីកវិសាលភាពនៃសកម្មភាពវិនិយោគរបស់ខ្លួន បន្ទាប់ពីបានជ្រួតជ្រាបអំពីអត្ថប្រយោជន៍ពិសេសនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន ។

នៅក្នុងកិច្ច​ប្រជុំ​ពិនិត្យសម្រេចលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេសជាលើកទី ២ សម្រាប់គម្រោងវិនិយោគចំនួន​១១នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់លើអភិក្រមបុរេសកម្មរបស់ ក.វ.ឦសាន រួមទាំងអនុគណៈកម្មធិការវិនិយោគខេត្ត និងស្ថាប័នពាក់ព័ន្ធ នៅតាមមូលដ្ឋាននៃបណ្តាខេត្តទាំង៤ ដែលមានភារកិច្ចសំខាន់ក្នុងការផ្សព្វផ្សាយអត្ថប្រយោជន៍របស់កម្មវិធីពិសេសនេះឱ្យបានទូលំទូលាយ និងជួយផ្តល់ការគាំទ្រ ការប្រឹក្សាយោបល់ និងការសម្រួលនីតិវិធីជាអតិបរមា ប្រយោជន៍ដើម្បីបង្កើតបរិយាកាសកក់ក្តៅ ភាពទាក់ទាញនៃវិនិយោគ និងការចូលរួមក្នុងបេសកកម្មរួម ក្នុងការជំរុញ និងថែទាំវិនិយោគនៅភូមិភាគឦសាន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារ និងអនុគណៈកម្មាធិការ​វិនិយោគខេត្ត ត្រូវចុះទៅកាន់ទីតាំងវិនិយោគជាប្រចាំ បើទោះបីជាមាន ឬមិនមានសំណើគម្រោងវិនិយោគក្តី ដើម្បីជួបជាមួយវិនិយោគិន ស្តាប់អំពីកង្វល់/បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយសមស្របសម្រាប់វិនិយោគិន ដូចអ្វីដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី បានក្រើនរំលឹកអំពីតួនាទីជា «អ្នកដោះស្រាយបញ្ហា» មិនមែនជា «អ្នកបង្កបញ្ហា» ។