គិតត្រឹមសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០២៦នេះ កំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត)ខេត្តបន្ទាយមានជ័យ ប្រវែង ៣៥,១៤គីឡូម៉ែត្រ សម្រចបានលទ្ធផលជារួម ៥១,០៧% ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ដឹងនៅថ្ងៃទី១០ ខែមេសាឆ្នាំ២០២៦។ ឯកឧត្តមបញ្ជាក់ថា៖ តាមផែនការ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) គ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៧ខាងមុខនេះហើយ។
ខណៈដែលដំណើរការការដ្ឋានកំពុងមមាញឹក ខ្ញុំបាទសូមអំពាវនាវ ដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត) ទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុខសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ព្រមទាំងបើកបរក្នុងល្បឿនសមល្មមកាត់បន្ថយការហុយធូលីលើបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ។

ឯកឧត្តម សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ កំពុងដំណើរការដ៏មមាញឹកនេះ៕
អត្ថបទ/រូបភាបសម្រួលដោយក្រុមការងារខេអេហ្វអេ