កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅប្រទេសសិង្ហបុរី ដោយមានការចូលរួមកិត្តិយសដោយ លោក Dr. Bo Bai ប្រធានគណៈកម្មាធិការប្រតិបត្តិក្រុមហ៊ុន និងជាសហស្ថាបនិកក្រុមហ៊ុន Alpha Ladder Group, លោកស្រី Tin Pei Ling សហប្រធានក្រុមហ៊ុន Alpha Ladder Group, លោក Dr. Huang Kuan នាយកប្រតិបត្តិក្រុមហ៊ុន Greenlyzer, និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
ភាពជាដៃគូនេះបានរួមបញ្ចូលនូវបច្ចេកវិទ្យាថាមពលទំនើបរបស់ក្រុមហ៊ុន Greenlyzer ជាមួយនឹងបណ្តាញភ្ជាប់ និងលទ្ធភាពប្រតិបត្តិការដ៏ទូលំទូលាយរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បីពន្លឿនការអភិវឌ្ឍអ៊ីដ្រូសែនបៃតង និងស្វែងរកដំណោះស្រាយជំនាន់ថ្មី រួមទាំងបណ្តាញអគ្គិសនីចល័តបៃតង (Green Moving Grid) ផងដែរ។

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ចាក់ថា៖ «ភាពជាដៃគូនេះបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការជំរុញនវានុវត្តន៍ថាមពលស្អាត។ ក្នុងនាមជាក្រុមហ៊ុនចម្រុះធំជាងគេបំផុតនៅកម្ពុជា យើងនាំមកនូវទំហំបណ្តាញភ្ជាប់ និងលទ្ធភាពប្រតិបត្តិការរបស់យើង រួមជាមួយបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន Greenlyzer ដើម្បីពន្លឿនការទទួលយកអ៊ីដ្រូសែនបៃតង និងបង្កើតគំរូថ្មីនៃការផលិតថាមពលប្រកបដោយចីរភាព។ គំនិតផ្តួចផ្តើមនេះតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលសម្រាប់អនាគត ដែលគាំទ្រដល់ការរីកចម្រើនរបស់កម្ពុជា និងរួមចំណែកដល់ការបត់បែនថាមពលរយៈពេលវែងសម្រាប់តំបន់។»
ចាប់ពីប្រទេសកម្ពុជា ដល់អាស៊ាន ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បន្តគាំទ្រគំនិតផ្តួចផ្តើមទាំងឡាយដែលជំរុញនវានុវត្តន៍ ចីរភាព និងវឌ្ឍនភាពក្នុងតំបន់។