(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០ នាទី នៅទីស្តីការក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់, ឧកញ៉ា នួន រិទ្ធី សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) រួមជាមួយនឹង សមាជិកនៃក្រុមការងារ “ឌ” ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី ការពង្រឹងគុណភាព និងសុវត្តិភាពជណ្តើរយន្ត និងសំណង់ ក្រោមអធិបតីភាព ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សិក្ខាសាលានេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, គណៈវិស្វករកម្ពុជា, តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសក្រុមហ៊ុនឯកជនក្នុងវិស័យសំណង់ និងជណ្តើរយន្តជាច្រើនទៀតផងដែរ។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះមានគោលបំណងដើម្បី៖
១. បង្កើនប្រសិទ្ធភាពការងារ និងការប្រកបវិជ្ជាជីវៈពាក់ព័ន្ធនឹងការដំឡើងជន្តើរយន្ត
២. ពង្រឹងគុណភាព និងសុវត្ថិភាពជណ្តើរយន្តមុននឹងដាក់ឱ្យប្រើប្រាស់ដោយតម្រូវឱ្យមានរបាយការណ៍បញ្ជាក់គុណភាព និងសុវត្ថិភាពនៃការដំឡើងពីក្រុមហ៊ុនដំឡើង និងមានលិខិតបញ្ជាក់អនុលោមភាពនៃការដំឡើងជណ្តើរយន្ត និង
៣. បញ្ជ្រាបការយល់ដឹក ក្នុងន័យកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតមានឡើង ការការពារទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជនផងដែរ។

សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

សម្រាប់រូបភាព៖ https://www.facebook.com/share/p/17otffjsEF/?mibextid=wwXIfr