ភ្នំពេញ ៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ដែលជាអ្នកអភិវឌ្ឍ និងប្រតិបត្តិករនៃតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ («RGPPSEZ») និងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល («RGKSEZ») នៅតែបន្តបង្ហាញពី សន្ទុះកំណើន ដ៏ខ្លាំងក្លា ដោយបានរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការបង្កើតការងារ និងបង្កើនការនាំចេញរបស់ប្រទេសកម្ពុជា។  គិតត្រឹមខែមេសា ឆ្នាំ២០២៦ ចំនួនបុគ្គលិកកម្មករសរុបដែលកំពុងបម្រើការងារនៅក្នុងតំបន់ទាំងពីរ RGPPSEZ និង RGKSEZ បានកើនឡើងដល់ ៥៨,៥៣២ នាក់ ដែលតំណាងឱ្យការកើនឡើងប្រមាណ ១៥.៣% បើធៀបនឹងចំនួនបុគ្គលិកកម្មករ ៥០,៧៤៦ នាក់ ដែលបានកត់ត្រាក្នុងខែមេសា ឆ្នាំ២០២៥ កន្លងទៅ។ កំណើនដ៏មានស្ថិរភាពនេះឆ្លុះបញ្ចាំងពីទំនុកចិត្ត ឥតថមថយរបស់អ្នកវិនិយោគទាំងឡាយមកលើប្រទេសកម្ពុជា និងការពង្រីកប្រតិបត្តិការនៃសហគ្រាសនានា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងពីរនេះ។
សកម្មភាពនាំចេញពីក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងពីរ ក៏បានបង្ហាញពីកំណើនដ៏វិជ្ជមានផងដែរ ក្នុងរយៈពេល៤ខែ ដំបូង នៃឆ្នាំ២០២៦នេះ។ ការនាំចេញសរុបចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ មានទំហំទឹកប្រាក់រហូតដល់ទៅ ៨០៩.០២ លានដុល្លារអាមេរិក កើនឡើងពីចំនួន ៥៧៩.៨៨ លានដុល្លារអាមេរិកដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលតួលេខនេះ បង្ហាញពីកំណើនប្រមាណ ៣៩.៥%។ លទ្ធផលវិជ្ជមាននេះបង្ហាញពីភាពធន់ និងសមត្ថភាពប្រកួតប្រជែង របស់វិនិយោគិនអ្នកផលិត ដែលកំពុងដំណើរការនៅក្នុងតំបន់ទាំងពីរ ជាពិសេសចំពេលដែលមានការប្រឈមនឹងឧបសគ្គ នៃបញ្ហាសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោកនាពេលបច្ចុប្បន្ន។

ថ្លែងចំពោះសមិទ្ធផលនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group of Companies) និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានមានប្រសាសន៍ថា៖
«កំណើនជាបន្តបន្ទាប់នៃតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និង រ៉ូយ៉ាល់ គ្រុប កណ្តាល ឆ្លុះបញ្ចាំងពីទំនុកចិត្ត យ៉ាងមុតមាំរបស់វិនិយោគិន ចំពោះអនាគតសេដ្ឋកិច្ចរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការធ្វើការ រួមគ្នា ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរបស់ប្រទេស។ យើងខ្ញុំនៅតែបន្តប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការវិនិយោគ ប្រកប ដោយនិរន្តរភាព ការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងសម្រាប់ប្រទេសកម្ពុជា។»

អ្នកឧកញ៉ា គិត ម៉េង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ការគាំទ្រជារៀងរហូតមកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការណែនាំ និងដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា។ គោលនយោបាយគាំទ្រអាជីវកម្មរបស់រាជរដ្ឋាភិបាល គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការប្តេជ្ញាចិត្តក្នុងការកែលម្អបរិយាកាសវិនិយោគ បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងជំរុញ កំណើនឧស្សាហកម្ម។

ក្នុងនាមជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេមួយនៅកម្ពុជា យើងខ្ញុំនៅតែបន្តប្តេជ្ញាចិត្ត ក្នុងការផ្តល់ជូននូវ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មដែលមានគុណភាពខ្ពស់ដល់វិនិយោគិនទាំងឡាយ ព្រមទាំងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមកាន់តែទូលំទូលាយរបស់ព្រះរាជាណាចក្រកម្ពុជា៕