ព្រះសីហនុ៖ ក្រោយពីផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ត្រូវបានដាក់ឱ្យដំណើការកាលពីពេលកន្លងមកនេះ កម្ពុជាក៏និងរៀបចំឲ្យមានផ្លូវដែកល្បឿនលឿនមួយទៀតនាពេលខាងមុខឆាប់ៗ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ146B តភ្ជាប់ទៅផ្លូវលេខ148 ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី22 ខែធ្នូ ឱ្យដឹងថា កម្ពុជានឹងធ្វើផ្លូវដែកល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ និងក្រុងព្រះសីហនុទៅកាន់ប្រទេសថៃ ខណៈផ្លូវដែកបច្ចុប្បន្នគឺមិនទាន់អាចបម្រើនូវសេចក្តីត្រូវការផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាបានគ្រប់គ្រាន់នៅឡើយទេ ដែលត្រូវការការអភិវឌ្ឍបន្ថែមទៀត។
សម្ដេចតេជោបន្ថែមថា ការធ្វើផ្លូវដែកល្បឿនលឿនគឺមិនចំណាយពេលយូរនោះទេដោយសារតែកម្ពុជាមានផ្លូវដែកស្រាប់នៅពេលបច្ចុប្បន្នរួចហើយស្រេច។
បើតាមសម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបជាមួយសម្តេច កាលពីថ្ងៃទី 9 ខែវិច្ឆិកា កន្លងមកនេះ នាយករដ្ឋមន្ត្រីចិន ក៏បានឯកភាពឱ្យអភិវឌ្ឍផ្លូវដែកល្បឿនលឿននេះផងដែរ ។
សម្ដេចបានលើកឡើងបន្ថែមថា កម្ពុជាត្រូវការការតភ្ជាប់ផ្ទៃក្នុងដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជន កាត់បន្ថយភាពក្រីក្រ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា។ សម្ដេចថា៖ «បើយើងមិនធ្វើបញ្ហានេះទេរឿងដដែល»។
ជាមួយគ្នានេះ សម្តេចបញ្ជាក់ គម្រោងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅ កាន់ខេត្តកំពង់ធំ និងគម្រោងផ្លូវតភ្ជាប់ពីខេត្តបាត់ដំបង ទៅកាន់ខេត្តសៀមរាប ក៏ត្រូវបានដាក់ក្នុងគម្រោងអាទិភាពផងដែរ៕