សៀមរាប ៖ ខេត្តសៀមរាបទទួលបានការអភិវឌ្ឍជាច្រើន ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្របពេលខេត្តសៀមរាប នឹងបង្កើតក្រុងថ្មីចំនួន 2 ព្រមទាំងធ្វើឱ្យក្រុងសៀមរាប បែ្រក្លាយទៅជាទីក្រុងវៃឆ្លាត ទៀតផង។

ថ្លែងក្នុងកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមអន្តរជាតិ ដឹកនាំដោយលោកស្រី អារីយ៉ាណា អដេសស៊ី ទីប្រឹក្សាគណៈប្រតិភូសមាគមអន្តរជាតិ នៃបណ្តាអភិបាលក្រុងប្រើប្រាសភាសាបារាំង (AIMF) លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ខេត្តសៀមរាបទទួលបានការអភិវឌ្ឍជាច្រើន ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់អំណោយដ៏ថ្លៃថ្លានូវផ្លូវ 38 ខ្សែ និងដាក់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ ក្នុងក្រុងសៀមរាប ព្រមទាំងធ្វើ ការកែលម្អរដងស្ទឹងប្រវត្តិសាស្ត្រស្តារឡើងវិញ ឲ្យកាន់តែមានសោភណ្ឌភាពស្រស់ត្រកាល ក្នុងការបម្រើដល់វិស័យ ទេសចរណ៍ ដើរកម្សាន្តក្រៅពីប្រាង្គប្រាសាទ។

លោកបានបញ្ជាក់ផងដែរថា ខេត្តសៀមរាបមានសក្តានុពលលើវិស័យទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង កសិកម្ម។ តែដោយជួបនូវវិបត្តិកូវីដ-19 នៅលើពិភពលោក និយាយដោយឡែក នៅកម្ពុជា ពិសេសខេត្តសៀមរាប បានធ្វើឲ្យវិស័យទេចរណ៍ធ្លាក់ចុះយ៉ាងខ្លាំង បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និង គ្រួសារ។ ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 បានធ្វើការចាក់ស្រោចវ៉ាក់សាំង ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសបន្តបន្ទាប់ ធ្វើឲ្យប្រទេសកម្ពុជាមានភាពធូស្រាលពីជម្ងឺកូវិដ ព្រមទាំងបានបើប្រទេសឡើងវិញ តែសន្ទុះនៃភ្ញៀវទេសចរណ៍បរទេស នៅមានកម្រិតនៅឡើយ តែកើនភ្ញៀវនៅក្នុងស្រុក។

ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានលើកនូវសំណូមពរមួយចំនួនទៅគណៈប្រតិភូ ដើមី្បធ្វើកិច្ចសហប្រតិបត្តិការជាមួយខេត្តសៀមរាប ដោយផ្តោតសំខាន់ទៅលើបរិស្ថាន និងអនាម័យ និងការបណ្តុះបណ្តាលធនធានមនុស្ស ទៅលើបច្ចេកទេសដល់ខេត្តសៀមរាបផងដែរ ។ ម៉្យាងទៀតនៅពេលខាងមុខនេះ ខេត្តសៀមរាប នឹងបង្កើតក្រុងថ្មីចំនួន ២ ព្រមទាំងធ្វើឲ្យក្រុងសៀមរាប បែ្រក្លាយទៅជាទីក្រុងវៃឆ្លាតទៀតផង។

ក្នុងនោះដែរលោកស្រី អារីយ៉ាណា អដេសស៊ី ទីប្រឹក្សាគណៈប្រតិភូសមាគមអន្តរជាតិ នៃបណ្តាអភិបាលក្រុងប្រើប្រាសភាសាបារាំង ( AIMF) ខេត្តសៀមរាបបានប្រែក្លាយក្រុងបុរាណ កាន់តែមានសោភណ្ឌភាពស្រស់ស្អាត ដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិ សំខាន់លើវិស័យទេសចរណ៍ ។ លោកស្រីបានបន្តទៀតថា ខេត្ត សៀមរាបជាសមាជិកមួយដ៏សំខាន់របស់ (AIMF) ព្រមទាំងបានធ្វើកិច្ចការងារជាមួយគ្នា(AIMF) ដើមី្បសហការជាមួយខេត្តសៀមរាប និងអភិវឌ្ឍន៍ខេត្តសៀមរាប។

លោកស្រីក៏បានបញ្ជាក់ អំពីបញ្ហាប្រឈមរបស់ខេត្តសៀមរាប ដែលបាន ជួបប្រទះ ដែលកំពុងស្វែងរកដំណោះស្រាយ ហើយរាល់ចំណុចដែលរដ្ឋបាលខេត្តលើកឡើង និងយកទៅធ្វើកិច្ចពិភាក្សាសំខាន់លើបញ្ហាទឹក និងការបម្រែបម្រួលអាកាសធាតុ។

លោកស្រីបានបន្តទៀតថា ក្នុងដំណើររបស់គណៈប្រតិភូ ដែលមានក្រុងពីរ មានលក្ខណៈដូចនឹងខេត្តសៀមរាប ហើយក៏ជាការសិក្សាដកពិសោធន៍ពីក្រុងសៀមរាប ដែលមានទីក្រុង វ៉េ ប្រទេសវៀតណាម និង ទីក្រុង លួងកាបាន ប្រទេសឡាវ ។ ម៉្យាងទៀតកិច្ចការនេះ ក៏ជាបណ្តាញជាមួយគ្នា ដែលក្រុមប្រទេសជាសមាជិកចូលរួម ដើមី្បគិតគួរដល់ការអភិវឌ្ឍន៍ សាមគ្គីភាព និងរួមគ្នាកសាងសន្តិភាពក្នុងតំបន់ ហើយការងារនេះ យើងត្រូវគិតគូរពីសេដ្ឋកិច្ច អភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន នូវអ្វីដែលមាន កសិកម្ម ពាណិជ្ជកម្ម ទំនាក់ទំនង អន្តរជាតិ គឺស្ថិតនៅក្នុងគម្រោង (AIMF) ហើយទៅមុខ ក៏គិតគួរពីការអភិវឌ្ឍនសេដ្ឋកិច្ចទៀតផង៕