ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងដាក់សម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃ ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ។

លោក ម៉ៅ ច័ន្ទតារា បានមានប្រសាសន៍ថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យត្រៀមសម្រាប់រៀបចំពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានលើកឡើងថា រហូតមកដល់ពេលនេះ ការងារសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ បានសាងសង់រួចរាល់ចប់សព្វគ្រប់។ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឱ្យមានការជួសជុលអគារអមសងខាង និងលាបពណ៌ ឱ្យប្រហាក់ប្រហែលជាមួយអគារទីស្ដីការថ្មី។ ចំពោះការងាររៀបចំពិធីសម្ពោធអគារទីស្ដីការនេះ ឯកឧត្តម អគ្គនាយក បានលើកឡើងទៀតថា តាមគម្រោង នឹងរៀបចែកសៀវភៅសរសេររៀបរាប់អំពីដំណើរការសាងសង់អគារនេះ ជូនដល់គណៈអធិបតី និងភ្ញៀវទាំងអស់ ដែលបានអញ្ជើញចូលរួម។

ជាថ្មីម្ដងទៀត លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចំពោះសមាសភាពចូលរួមក្នុងពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ នឹងមានការអញ្ជើញពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តម-លោកជំទាវ រដ្ឋមន្ដ្រីតាមបណ្ដាក្រសួង-ស្ថាប័នទាំងអស់, អគ្គស្នងការដ្ឋាននគរបាលជាតិ, ប្រធានក្រុមប្រឹក្សា-អភិបាលរាជធានី-ខេត្ត, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត, និងអង្គទូតនានា ប្រចាំប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរថា អគារថ្មីក្រសួងមហាផ្ទៃ ដែលជាសំណង់សារធាណៈមួយស្ថិតលើកក្នុងបរិវេណក្រសួងមហាផ្ទៃដដែល រហូត មកដល់ពេលនេះ បានសាងសង់រួចរាល់ចប់សព្វគ្រប់ហើយ ដោយចំណាយថវិការប្រមាណ ៦០ លានដុល្លារអាម៉េរិក៕