ភ្នំពេញ ៖ ក្រុមហ៊ុនវិនិយោគធំៗចំនួន ៣ បាន និងកំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់កំពូលមហាសេដ្ឋីល្បីឈ្មោះ អ្នកឧកញ៉ា គិត ម៉េង ជាមួយទុនវិនិយោគសរុបប្រមាណ ៤២០ លានដុល្លារ និងបង្កើតការងាររាប់ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ទទួលបានគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យលេខ ៣៣ អនក្រ.បក ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមានទីតាំងស្ថិតក្នុងសង្កាត់កន្ទុក សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ អភិវឌ្ឍលើផ្ទៃដីទំហំ ៣៦០ ហិកតា។

នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានគម្រោងវិនិយោគសរុបចំនួន ១៣៩ គម្រោង ដែលមានមុខសញ្ញាវិនិយោគសំខាន់ៗដូចជា៖ ការផលិតសម្ភារៈបរិក្ខារអេឡិចត្រូនិក, គ្រឿងបង្គុំរថយន្ត, ខ្សែអគ្គិសនី, បន្ទះសូឡា, បរិក្ខារពេទ្យ, កែច្នៃពេជ្រ, បរិក្ខារសាងសង់, គ្រឿងសំអាង, ចំណីអាហារនិងភេសជ្ជៈ, ចំណីសត្វ, ផលិតផលស្បែក, សម្លៀកបំពាក់ និងស្បែកជើង។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានផ្ដល់ការងារជូនដល់កម្មករនិយោជិតចំនួនប្រមាណ ៣៨,៥០០ កន្លែង។

ក្រុមហ៊ុនធំៗចំនួន ៣ ដែលកំពុងដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលមានទុនសរុបជាង ៤២០លានដុល្លារ រួមមាន :

១. ក្រុមហ៊ុន Marvel Garment Co., Ltd. ចាប់ផ្ដើមដំណើរការវិនិយោគ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ លើមុខសញ្ញាកាត់ដេរសម្លៀកបំពាក់ (ម៉ាកណៃគឺ Nike, ប៉ូឡូ Polo, លូលូឡេម៉ុន Lululemon) ក្នុងទុនវិនិយោគ ២៥០ លានដុល្លារអាមេរិក លើផ្ទៃដីទំហំ ៤៥ ហិកតា និងបានបង្កើតការងារបានចំនួន ១៣,៣០០ កន្លែង។ ជាមួយគ្នានោះ គណៈប្រតិភូក៍បានធ្វើទស្សនកិច្ចការដ្ឋានសាងសង់អាគាររោងចក្ររបស់ក្រុមហ៊ុន Sun Fair Garment Co, Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Marvel Garment Co, Ltd. កំពុងសាងសង់អាគាររោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗលើទំហំផ្ទៃដីជាង ៤០ ហិកតា និងគ្រោងជ្រើសរើសកម្មករ និយោជិតប្រមាណ ៨០០០ នាក់ ចូលមកបម្រើការងារនៅក្នុងក្រុមហ៊ុននេះ។

២. ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. ចាប់ផ្តើមដំណើរការវិនិយោគនៅក្នុងកំឡុងខែមករា ឆ្នាំ២០១១ និងបានពង្រីកខ្សែច្រវ៉ាក់ផលិតកម្មជាបន្តបន្ទាប់ ដោយវិនិយោគលើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច, ម៉ូទ័រកង្ហារ, គ្រឿងបំណែកម៉ាស៊ីន, ឧបករណ៍អុបទិចសម្រាប់ទូរស័ព្ទ, ប៊ិកអេឡិចត្រូនិក, ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ, គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក, ផ្ទាំងបញ្ចេញពន្លឺ LED, ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ ដែលក្រុមហ៊ុន បានវិនិយោគក្នុងទំហំទុនវិនិយោគប្រមាណ ៧០ លានដុល្លារអាមេរិក នៅលើផ្ទៃដីទំហំ ២០ ហិកតា និងបានបង្កើតការងារបានចំនួនប្រមាណ ៦.៦៥០ កន្លែង។

៣. ក្រុមហ៊ុន Cambodia Beverage Company,, Itd. ចាប់ផ្តើមដំណើរការក្នុងកំឡុងខែតុលា ឆ្នាំ ២០១៥ លើមុខសញ្ញាផលិតផលិតផលភេសជ្ជៈ(Coca-Cola, តែ, ភេសជ្ជៈប៉ូវកម្លាំង, ភេសជ្ជៈបំពេញជាតិ ទឹក…) ដែលមានទុនវិនិយោគចំនួន ១០០ លានដុល្លារអាមេរិក លើផ្ទៃដីទំហំ ១២,៥ ហិកតា និងបានបង្កើតការងារចំនួន ២៣០ កន្លែង។

ជាមួយគ្នានោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា វិនិយោគិន ជាអ្នកអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក៏ដូចជាវិនិយោគិននៃបណ្តាក្រុមហ៊ុនទាំង ៣ បានបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងបានពង្រីកគម្រោងវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ទោះស្ថិតក្នុងកាលៈទេសៈ ដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ក៏ក្រុមហ៊ុននៅតែបន្តដំណើរការវិនិយោគរបស់ខ្លួន ដែលនេះជាការបង្ហាញអំពីជំនឿទុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមទៀតថា ក្រុមហ៊ុនទាំងអស់ដែលមកបណ្តាក់ទុននៅក្នុង ព្រះរាជាណាចក្រកម្ពុជា គឺជាការចូលរួមចំណែកមួយដ៏សំខាន់ ក្នុងការជំរុញកំណើនសង្គមសេដ្ឋកិច្ចកម្ពុជា និងចូលរួមដល់ការធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា៕