បរទេស ៖ ស្ថិតនៅក្នុងព្រឹត្តិការណ៍ជួបជុំអ្នកវិស័យអចលនទ្រព្យមួយដែលបានធ្វើឡើងនៅខេត្តភាគខាងត្បូងប្រទេសវៀតណាមកាលពីប៉ុន្មានថ្ងៃកន្លងមកនេះលោករដ្ឋមន្ត្រីក្រសួងកិច្ចការងារសំណង់នៃប្រទេសវៀតណាម Nguyen Thanh Nghi បានអះអាងថា ទីផ្សារអចលនទ្រព្យនឹងចាប់ផ្តើមងើបឡើងវិញក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះរហូតដល់ចុងឆ្នាំហើយនឹងបន្តការវិវត្តជាវិជ្ជមាននៅក្នុងឆ្នាំ២០២៤ ខាងមុខ។

លោក Nghi បានពោលថា ៖ យុទ្ធសាស្ត្រដែលត្រូវបានដាក់ចេញដោយក្រសួងកាលពីពេលកន្លងមកបានដោះស្រាយបញ្ហាជាច្រើននៅក្នុងគម្រោងគាំងទាំងឡាយរបស់ប្រទេសវៀតណាមហើយភាពល្អប្រសើរនៃមជ្ឈដ្ឋានវិស័យអចលនទ្រព្យក៏កាន់តែល្អប្រសើរ។

យោងតាមលោក Barry Weisblatt នាយកផ្នែកវិភាគនៃក្រុមហ៊ុន VNDirect Securitiesបានថ្លែងថា៖ ទោះបីជាហានិភ័យសាច់ប្រាក់សុទ្ធនៅក្នុងទីផ្សារអចលនទ្រព្យនៅតែមានកម្រិតខ្ពស់ក៏ដោយ ប៉ុន្តែរយៈពេលដ៏លំបាកបំផុតបានកន្លងផុតទៅហើយហើយពេលនេះមេគុណសាច់ប្រាក់បានប្រសើរឡើងបន្តិចក្នុងត្រីមាសទី២ និងត្រីមាសទី ៣។

លោក Weisblatt បាននិយាយទៀតថា៖បើប្រៀបធៀបទៅនឹងឆ្នាំ ២០១១-២០១៣ នៅពេលដែលទីផ្សារអចលនទ្រព្យស្ថិតក្នុងស្ថានភាពធ្លាក់ចុះ អាជីវកម្មអចលនទ្រព្យបច្ចុប្បន្នមានសុខភាពហិរញ្ញវត្ថុប្រសើរជាង ហើយអត្រាការទូទាត់រហ័សនៃអាជីវកម្មអំឡុងពេលបច្ចុប្បន្នក៏មានសុខភាពល្អដែរ។

គួរឲ្យដឹងដែរថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ គម្រោងមួយចំនួននៅទូទាំងប្រទេសបានរៀបចំការផ្តល់ជូន និងការលក់ ហើយមជ្ឈមណ្ឌលពាណិជ្ជកម្មក៏កំពុងរៀបចំដំណើរការម្តងទៀតបន្ទាប់ពីការបិទជាច្រើនខែមក៕