ភ្នំពេញ ៖ កំពូលមហាសេដ្ឋីដែលមានមុខជំនួញធំៗជាច្រើនកាន់នៅក្នុងដៃ និងមានទ្រព្យសម្បត្តិមហាសាលនៅក្នុងប្រទេស អ្នកឧកញ៉ា គិត ម៉េង បានបង្ហើបពីគន្លឹះនៃការកំណត់ភាពជោគជ័យរបស់ខ្លួនឯងជាមួយនឹងមុខជំនួញ ក៏ដូចជាអាជីវកម្មផ្សេងៗដែលខ្លួនកំពុងដំណើរការ។
តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិកផ្លូវការ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ៖ ការឈ្វេងយល់ពីភាពជោគជ័យពិត គឺជារបៀប ឬវិធីមួយរបស់បុគ្គលម្នាក់ៗ ដែលមានលក្ខណៈខុសៗគ្នា។ យើងទាំងអស់គ្នាបានយល់ដឹងហើយថា អ្វីមួយដែលល្អ ឬសមរម្យសម្រាប់មនុស្សម្នាក់ ហើយអ្វីដែលមិនល្អ ឬមិនសមរម្យសម្រាប់មនុស្សម្នាក់ទៀតនោះ។
ដោយឡែក ដើម្បីកំណត់អត្ថន័យនៃភាពជោគជ័យរបស់យើងបាន យើងត្រូវតែសួរខ្លួនឯងថា តើអ្វីដែលធ្វើឱ្យយើងសប្បាយចិត្ត និងសំខាន់សម្រាប់យើង និងនៅពេលណាដែលយើងមានអារម្មណ៍ថាសម្រេចបានសមិទ្ធផលច្រើនបំផុត។ សូមឆ្លុះបញ្ចាំងពីគ្រាដ៏មោទនភាពបំផុតរបស់អ្នក។ ត្រូវមានក្តីសុបិនដ៏ធំហួសពីការគិតរបស់អ្នក និងអ្វីដែលអ្នកប្រាថ្នាចង់បាន ទោះច្រើនក្តី ឬតិចក្តីនៅក្នុងជីវិត។
ពេលវេលាដ៏មានមោទនភាពបំផុតរបស់ខ្ញុំ គឺនៅពេលដែលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ត្រូវបានបង្កើតឡើងជាមួយនឹងបេសកកម្មលើកកម្ពស់កម្រិតជីវិតភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប។ ភាពជោគជ័យរបស់ខ្ញុំគឺការរួមបញ្ចូលនូវអ្វីដែលខ្ញុំធ្វើជារៀងរាល់ថ្ងៃ ដើម្បីជាផ្នែកនៃការផ្លាស់ប្តូរប្រកបដោយភាពវិជ្ជមាននៅក្នុងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅកម្ពុជា។ ចំណែកដ៏ធំមួយទៀតនៃភាពជោគជ័យរបស់ខ្ញុំគឺផ្សារភ្ជាប់ទៅនឹងសុភមង្គលគ្រួសាររបស់ខ្ញុំ។
ការស្គាល់ និងយល់ច្បាស់ពីខ្លួនឯង គឺជាគន្លឹះមួយក្នុងការធ្វើឱ្យគោលដៅនានាដែលត្រូវបានកំណត់អាចសម្រេចបាន និងជាការចាប់ផ្តើមដំណើរជីវិតដែលពោរពេញដោយសុភមង្គល ភាពជោគជ័យ និងភាពរីករាយ៕