ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មម៉ាឡេស៊ី បានរៀបចំវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី ព្រមទាំងផ្សព្វផ្សាយពីសក្តានុពលពាណិជ្ជកម្មទ្វេភាគី និងយុទ្ធសាស្ត្រលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ខណៈក្រុមហ៊ុនធំៗរបស់ប្រទេសទាំងពីរ និងតំណាងពីស្ថាប័នពាក់ព័ន្ធសរុបជាង៤០០ នាក់ បានចូលរួមក្នុងវេទិការដ៏មានសារៈសំខាន់នេះ។

វេទិកានេះគាំទ្រដោយអាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី (MIDA) សាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិនៃប្រទេសម៉ាឡេស៊ី។ ចំណុចសំខាន់នៃវេទិកានេះ គឺកិច្ចពិភាក្សាជាក្រុមដែលមានតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី សាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី សហព័ន្ធក្រុមហ៊ុនផលិតម៉ាឡេស៊ី (FMM) និងសភាពាណិជ្ជកម្មកម្ពុជា។ កិច្ចពិភាក្សានេះបានផ្តល់នូវទិដ្ឋភាពទូលំទូលាយនៃបរិយាកាសវិនិយោគនៅក្នុងប្រទេសទាំងពីរ ដោយបង្ហាញពីសក្តានុពលពាណិជ្ជកម្មទ្វេភាគី និងយុទ្ធសាស្ត្រលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។


ក្នុងសុន្ទរកថាគន្លឹះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីទំនាក់ទំនងទ្វេភាគីយូរអង្វែងរវាងរដ្ឋាភិបាល និងវិស័យឯកជននៃប្រទេសកម្ពុជា និងម៉ាឡេស៊ី។ សម្តេចធិបតី បានលើកឡើងពីសារៈសំខាន់នៃការ វិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជាដោយកត់សម្គាល់ថា ម៉ាឡេស៊ីឈរនៅក្នុងចំណោមវិនិយោគិនបរ ទេ ស ដំបូងគេ និងធំជាងគេបំផុត។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា៖

« ខ្ញុំមានសុទិដ្ឋិនិយម ចំពោះសមត្ថភាពរបស់វេទិកានេះ ក្នុងការជំរុញយុគសម័យថ្មីនៃភាពជោគជ័យសម្រាប់ ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ជាពិសេសនៅក្នុងវិស័យឧស្សាហកម្មសំខាន់ៗរួមមានដូចជា អង្ករ គ្រាប់ស្វាយចន្ទី យានយន្ត អេឡិចត្រូនិក និងថាមពលកកើតឡើងវិញ»។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន-កម្ពុជា (ASEAN- BAC Cambodia) បានថ្លែងសុន្ទរកថាស្វាគមន៍ក្នុងពីធីបើកវេទិកាដោយបានសង្កត់ធ្ងន់លើភាពលេចធ្លោនៃការ វិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជា និងស្ថានភាពពាណិជ្ជកម្មទ្វេភាគីនាពេលបច្ចុប្បន្ន។

អ្នកឧកញ៉ា បានជំរុញវិនិយោគិនម៉ាឡេស៊ីឱ្យទាញយកប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងអាស៊ាន ច្បាប់វិនិយោគ និងគោលនយោបាយបើកចំហ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានអត្ថ ប្រយោជន៍ រួមទាំង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន កូរ៉េខាងត្បូង និងអេមីរ៉េតអារ៉ាប់រួម (UAE)។


លោកឧកញ៉ា តាន់ យីម៉េង ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា បានចែករំលែកនូវភាពជោគជ័យរបស់វិនិយោគិនម៉ាឡេស៊ីនៅកម្ពុជាក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ។ លោកបានលើកទឹកចិត្តដល់ក្រុមហ៊ុនម៉ាឡេស៊ីឱ្យចាប់យកឱកាសដ៏សម្បូរបែបដែលកំពុងរង់ចាំនៅក្នុងវិស័យដូចជាថាមពលកកើតឡើងវិញកសិ-កែច្នៃ ផលិតផលហាឡាល់និងសួនឧស្សាហកម្មនៅកម្ពុជា។

លោក Tan Sri Dato’ Sch Thian Lai ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិនៃប្រទេសម៉ាឡេស៊ី (NCCIM) បានចែករំលែកទស្សនៈរបស់លោកអំពីសមត្ថភាពរបស់ប្រទេសម៉ាឡេស៊ីក្នុងការបង្កើនភាព ខ្លាំងរបស់ខ្លួននៅក្នុងឧស្សាហកម្មដែលត្រូវបានទទួលស្គាល់យ៉ាងខ្លាំងរួចមកហើយ ដូចជាការកែច្នៃកៅស៊ូ និងប្រេងដូង ឱសថ បច្ចេកវិទ្យាវេជ្ជសាស្ត្រ និងអេឡិចត្រូនិក ព្រមទាំងសក្កានុពលនៃការបង្កើតសួន ឧស្សា ហកម្មនៅកម្ពុជា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទំនើប និងទូរគមនាគមន៍ ដើម្បីទាក់ទាញការវិនិយោ គបន្ថែមទៀត និងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែបម្រើជាវេទិកាសម្រាប់កិច្ចសន្ទនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្តេជ្ញាចិត្តចំពោះ ចក្ខុវិស័យរួមនៃវិបុលភាព និងកំណើនផងដែរ។ប្រទេសទាំងពីរទន្ទឹងរង់ចាំលទ្ធផលជាក់ស្តែងដែលនឹងកើតចេញពីវេទិកានេះ និងផលប្រយោ ជន៍ រយៈពេលវែងដែលប្រទេសទាំងពីរនឹងទទួលបាន៕