ព្រះសីហនុ ៖ ជាដំណឹងដ៏ល្អប្រសើរមួយដែលក្រុមហ៊ុនធំៗចំនួនពីរបានបង្ហាញការចាប់អារម្មណ៍លើការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដោយក្នុងនោះ មានមួយចាប់អារម្មណ៍លើការបោះទុនវិនិយោគសណ្ឋាគារ ហើយមួយទៀត ចាប់អារម្មណ៍លើការបង្កើតរោងចក្រកែច្នៃផ្លែឈើក្នុងស្រុក ដូចជាស្វាយ ម្នាស់ ខ្នុរ និងទុរេន ជាដើម ។
បើតាមការផ្សព្វផ្សាយលើបណ្ដាញសង្គមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញពីគម្រោងវិនិយោគ ចំនួន២ដែលចាប់អារម្មណ៍លើការវិនិយោគនៅក្នុងខេត្តព្រះសីហនុដោយក្នុងនោះរួមមាន ៖
១. ក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ ៥៧៤លានដុល្លារអាមេរិក សាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ចំនួន ២ ៨៧០បន្ទប់ នៅក្នុងមូលដ្ឋានពយតាម៉ូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
២. ក្រុមហ៊ុន Haoruidar (Cambodia) Co., LTD គ្រោងបោះទុនវិនិយោគ ១២,៣៥លានដុល្លារអាមេរិក ក្នុងការសាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងស្រុក (ស្វាយ ម្នាស់ ខ្នុរ និងទុរេន) ស្ថិតនៅក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
សូមរំលឹកដែរថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានជួបពិភាក្សាជាមួយក្រុមហ៊ុនទាំងពីរដើម្បី ពិភាក្សា និងលើកទឹកចិត្តក្រុមហ៊ុនទាំងពីរក្នុងការបណ្ដាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ ។ អង្គពិភាក្សាបានវាយតម្លៃនូវភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាពរបស់គម្រោងវិនិយោគ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការវិភាគលើបញ្ហាសេដ្ឋកិច្ច និងសង្គម ដោយការយកចិត្តទុកដាក់ខ្ពស់ ព្រមជាមួយនឹងការកំណត់វិធីសាស្ត្រគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅធ្វើយ៉ាងណាទាញប្រយោជន៍ដល់ជាតិឱ្យបានជាអតិបរមា និងមានផលប៉ះពាល់តិចតួចបំផុត ។
ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា និងវាយតម្លៃនេះ គម្រោងវិនិយោគទាំង២ខាងលើ ទទួលបានការសាទរ ក៏ដូចជាការវាយតម្លៃថា នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចខេត្តព្រះសីហនុកាន់តែប្រសើរថែមទៀត ក៏ដូចជាការសម្រួចឱ្យខេត្តព្រះសីហនុ នឹងក្លាយជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជាផងដែរ ។
កាលពីពេលថ្មីៗនេះដែរ រាជរដ្ឋាភិបាលបានបើកវេទិកាពិសេសជំរុញការវិនិយោគ នៅខេត្តព្រះសីហនុ ដោយរាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់បណ្ដាវិនិយោគិនឱ្យចូលមកស្វែងការវិនិយោគនានាក្នុងខេត្តព្រះសីហនុ ដោយរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធ និងសម្រួលដល់លក្ខខណ្ឌវិនិយោគមួយចំនួនទៀត ។
កម្ពុជាក៏បានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១ លើ ១០០ពិន្ទុ (យោងតាមតារាង FDI Standouts Watchlist 2024) ដែលបន្ថែមនូវភាពទាក់ទាញដល់វិនិយោគិនបន្ថែមទៀតផងដែរលើបរិស្ថានវិនិយោគ និងធុរកិច្ច ដោយរាជរដ្ឋាភិបាល បាន និងកំពុងបន្តទាក់ទាញធុរជន ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសនានា ព្រមទាំងពង្រឹងនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោកផងដែរ ៕