ភ្នំពេញ ៖ ក្នុងពេលស្ថានភាពនៃវិស័យ​អចលនទ្រព្យនៅមិនទាន់​ប្រ​សើ​រ​​​ឡើងវិញ​នោះ រាជរដ្ឋាភិបាលកម្ពុជា​បានសម្រេច​ដាក់ចេញនូវ​វិធានការ​បន្ត​លើកទឹកចិត្ត​ដល់​វិស័យនេះតាមរយៈការលើកលែងពន្ធចំនួន​៤​ប្រភេទ​​រហូតដល់ដំណាច់ឆ្នាំ២០២៥ ។​

យោងតាមសេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅ​ល្ងាច​ថ្ងៃទី​៩ ខែតុលា ឆ្នាំ២០២៤​ បាន​បញ្ជា​ក់​ថា ដើម្បីកាត់បន្ថយ​បន្ទុក​ចំណាយ​បង់ពន្ធដល់ក្រុមហ៊ុនអភិវឌ្ឍន៍​លំនៅឋាន​​ ក៏ដូចជា​ប្រជា​ពលរដ្ឋ​​ជា​ម្ចាស់​អច​ល​នទ្រព្យ​ ក្រសួង​សេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ​បាន​បន្ត​ និង​បន្ថែម​គោល​ការណ៍​លើក​ទឹកចិត្ត​ពន្ធដារចំពោះ​វិស័យ​អ​ច​ល​នទ្រព្យ រួមការលើក​លែង​ពន្ធប្រ​ថាប់ត្រា​លើកា​រផ្ទេរ​កម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់លំនៅឋាន​ដែល​មានលក្ខណៈ​ជា​បុរី​ មានតម្លៃ​ក្រោម​ ឬ​ស្មើ​​៧ម៉ឺន​ដុល្លារ​ រហូតដល់ដំណាច់ឆ្នាំ២០២៥​ ។ រដ្ឋាភិបាល​ក៏អនុគ្រោះពន្ធ​ប្រថាប់ត្រា​លើការផ្ទេរ​កម្មសិទ្ធិ ឬសិទ្ធិ​កាន់​កាប់​លំនៅឋាន​គ្រប់​ប្រភេទ​ ដែល​មានលក្ខណៈជា​បុរី​ និងមានតម្លៃលើស​ ៧ម៉ឺន​ដុល្លារ​អាមេរិក​ ដោយអនុញ្ញាតឱ្យ​ដកទំហំទឹកប្រាក់​ ៧ម៉ឺនដុល្លារអាមេរិក​​ចេញពីមូលដ្ឋានគិត​ពន្ធ​ប្រថាប់ត្រា​ សម្រាប់ការ​ទិ​ញ​​​​លំនៅឋានក្នុងគម្រោង​អភិវឌ្ឍន៍​លំនៅឋានជា​បុរី ដែល​មា​នអាជ្ញាធរ​អាជីវកម្ម​អចលនវត្ថុ​ និង​បាន​ចុះ​បញ្ជី​ត្រឹ​មត្រូវរហូត​ដល់ដំណាច់​ឆ្នាំ២០២៥ ។​


ប្រភេទពន្ធមួយ​ទៀត​ដែល​រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ដល់​វិនិយោគិន និងប្រជាពលរដ្ឋ​ក្នុងវិស័យ​អចល​ន​ទ្រព្យ​ គឺ​ពន្ធលើ​ចំណេញមូល​ធន​ ។ រដ្ឋាភិបាល​បានសម្រេច​ពន្យារពេល​ការអនុវត្ត​ពន្ធលើ​ចំណេញ​មូលធន​​​លើ​រូប​វន្ត​បុគ្គល​ចំពោះ​អចលនទ្រព្យ​រហូតដល់​ដំណាច់ឆ្នាំ២០២៥ ។ ចំពោះ​ទ្រព្យ៥​ប្រភេទ​ទៀត​រួមមាន ភតិសន្យា​ ទ្រព្យវិនិយោគ​ កេរ្តិ៍​ឈ្មោះ​អាជីវកម្ម កម្មសិទិ្ធ​បញ្ញា​ និង​រូបិយបណ្ណ​បរទេស​ ត្រូវអនុវត្តចាប់​ពីឆ្នាំ២០២៥តទៅ ។​

យោងតាម​សេចក្ដីជូនដំណឹង​ឱ្យដឹង រដ្ឋាភិបាលក៏បាន​លើកទឹកចិត្តផ្នែកពន្ធដា​រ​លើ​ពន្ធលើ​អចលនទ្រព្យ​ ដោយលើកលែង​ប្រាក់ពន្ធ​លើអចលនទ្រព្យ​ ដូចជា​ទណ្ឌកម្ម​រដ្ឋបាល ( ពន្ធ​បន្ថែម​ និង​​ការ​ប្រាក់ ​) ក្នុង​ករ​ណី​អចលនទ្រព្យ​ ឬចំណែក​ណាមួយ​នៃអចលនទ្រព្យ​ ដែលជា​ប្រភេទដីកសិកម្ម​ដែល​ប្រជាពលរដ្ឋ​​កំពុង​បង្ក​បង្កើ​ន​​ផល​ និងសំណង់ដែលបម្រើ​ផ្ទាល់​ និងជាអចិន្ត្រៃយ៍ដល់​សកម្មភាពកសិកម្ម ។

រដ្ឋាភិបាលក៏បានលើកលែង​ផងដែរ​ដល់​ពន្ធ​លើ​ដី​មិនបានប្រើប្រាស់​រហូតដល់​ដំណាច់​ឆ្នាំ២០២៤ ដោយកម្មសិទ្ធិករ ​ឬអ្នកកាន់​កាប់ ឬអ្នកទទួល​ប្រយោជន៍​ចុងក្រោយ​ពុំមានកាតព្វកិច្ច​ប្រកាសប​ង់​ពន្ធ​រហូត​ដល់​ដល់ឆ្នាំ ២០២៤ ។​


​អ្នកឧកញ៉ា សំ សុខនឿន​ ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ SAM SN Group បានថ្លែងថា ​ទី​ផ្សារ​​អចលនទ្រព្យ​កម្ពុជា​បច្ចុប្បន្ន​​នៅតែពឹង​លើ​ការ​វិនិយោគមកពីបរទេស ហើយនៅពេល​សេដ្ឋកិច្ច​សកល​នៅ​បន្ត​មាន​បញ្ហា វាក៏បានជះ​ឥទ្ធិពល​ដល់សេដ្ឋកិច្ចរ​បស់កម្ពុជា​ និង​បន្តជះឥទ្ធិពល​ដល់​វិស័យ​អចលនទ្រព្យ ។

អ្នកឧកញ៉ាបានលើកឡើងថា ទោះបីជាស្ថានភាព​អចលនទ្រព្យ​នៅមិនទាន់មានភាពប្រសើរ​ក្ដី​ តែមន្ត្រីរាជ​រដ្ឋា​ភិ​បា​ល​​កម្ពុជា បាន​បន្ត​ស្វះស្វែងទាក់ទាញ​វិនិយោគិន​មកពីខាង​ក្រៅ​ប្រទេស​ដើម្បី​ចូលមក​សិក្សា​ស្វែងយល់​វិនិ​យោ​គ​​នៅក្នុងប្រទេស​កម្ពុជា​កាន់តែច្រើន ជាក់ស្ដែង​ថ្មីៗនេះឯកឧត្តម ​ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ​និងជា​អនុ​​ប្រធានទី​១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​ បានអញ្ជើញទៅ​ប្រទេស​អាមេរិក​ និងកាណាដា ​ដើម្បីផ្សព្វផ្សាយ​ពីសក្ដានុពល​វិនិយោគ​នៅកម្ពុជា ដល់​វិនិយោគិន​អាមេរិក និង​កាណាដា ៕

default