ព្រះសីហនុ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា ជាគោលការណ៍ រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ២៥ គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១២, គម្រោងថ្មីចំនួន ១២, និងការពង្រីកគម្រោងចំនួន ១ ដែលមានទុនវិនិយោគសរុប ៩១៧ លានដុល្លារអាមេរិក។
ចំពោះគម្រោងទទួលបានការលើកទឹកចិត្តក្នុងគោលការណ៍ពិសេសទាំង២៥ខាងលើនេះ ជាគម្រោងវិនិយោគនៅក្នុងវិស័យចម្រុះ រួមមានដូចជា រោងចក្រផលិតសម្ភារបរិក្ខារតុបតែងលំអគេហដ្ឋាន, រោងចក្រផលិតកាបូប, រោងចក្រផលិតសម្ភារពីក្រដាស, អគារពហុមុខងារ, អគារស្នាក់នៅរួម, សណ្ឋាគារ, ភោជនីយដ្ឋាន និង រមណីយដ្ឋាន ។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបន្តថា៖ ក្នុងចំណោមគម្រោងទាំងនេះ ក៏មានគម្រោងរមណីយដ្ឋានទេសចរណ៍នៅលើកោះរ៉ុង ដែលវិនិយោគដោយជនជាតិប៉ូឡូញ ក្នុងការទាក់ទាញភ្ញៀវទេសចរពីអឺរ៉ុប និងប្រទេសនានាដែលជានិន្នាការល្អសម្រាប់ការបង្កើតបរិយាកាសវិនិយោគ និងការធ្វើពិពិធកម្មភ្ញៀវទេសចរ ។ ទន្ទឹមនេះ វិស័យឯកជនជាច្រើនកាន់តែយល់ដឹង និង បានសម្រេចចិត្តវិនិយោគក្នុងខេត្តព្រះសីហនុ ពិសេសចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៤ រួមទាំងការវិនិយោគដែលតម្រង់ទិស ឬ ផ្តោតការវិនិយោគលើវិស័យនានាក្រៅពីកាស៊ីណូ ។
សូមជម្រាបថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសចំនួន១៤០ គម្រោង រួចមកហើយ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ។ ដោយរាប់បញ្ចូលទាំងគម្រោងដែលទទួលបានការឯកភាពជាគោលការណ៍ គិតត្រឹមខែ តុលា ឆ្នាំ២០២៤, គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តពិសេស សរុបមានចំនួន ១៦៥ គម្រោង រួមមានគម្រោងខ្នាតមីក្រូ តូច មធ្យម និង ធំ របស់ម្ចាស់គម្រោង និង ក្រុមហ៊ុនក្នុងស្រុក និង បរទេស ដែលមានវិសាលភាពនៅគ្រប់ក្រុងស្រុកនៃខេត្តព្រះសីហនុ ក្នុងនោះ គម្រោងដែលមានទុនវិនិយោគលើសពី ១០០ លានដុល្លារអាមេរិក មានចំនួន ២៣ គម្រោង ។
ក្នុងចំណោមគម្រោងទាំង១៦៥,គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន ៨៥, គម្រោងថ្មី មានចំនួន ៦១, ការពង្រីកគម្រោង មានចំនួន ១៥ និង គម្រោងមានស្រាប់ មានចំនួន ៤ ។ គម្រោងទាំងនេះក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជា គម្រោងផលិតផ្ទាំងសូឡា និង គ្រឿងបង្គុំ, គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម, និង គម្រោងសួនកសិ-ឧស្សាហកម្ម ជាដើម ៕