ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៤​នេះ គម្រោង​វិនិយោគ​ក្នុងវិស័យសំណង់​ទូទាំង​ប្រទេស​មានចំនួន ២ ៦៣៣​គម្រោង មានផ្ទៃ​ក្រឡា​កម្រាល​សំណង់​សរុប​ចំនួនជាង​១០​លាន​ម៉ែត្រ​ក្រឡា និងមានតម្លៃប៉ាន់​ស្មាន​ទុន​វិនិយោគ​ប្រមាណ​៤,៣៣ពាន់​លានដុល្លារអាមេរិក ។ នេះ​បើយោងតាម​របាយការណ៍របស់​ក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម និង​សំណង់​ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។​

យោងតាមរបាយការណ៍ដដែល​បានឱ្យដឹងថា ទាំងចំនួន​គម្រោ​ងវិនិយោគ ទុនវិនិយោគ និង​ផ្ទៃក្រឡា​សាងសង់​ដែលអនុម័ត​សម្រាប់ឆ្នាំ ២០២៤​នេះ មានការ​ថយចុះ​ប្រមាណ ​១៥,១៧​ភាគរយ​ ធៀបនឹង​ឆ្នាំ ២០២៣​​ ដោយក្នុ​ង​នោះ​ដែរ គម្រោង​វិនិយោគ​ក្នុងឆ្នាំ២០២៣​មានចំនួន ២ ៩២៤គម្រោង​ មានផ្ទៃក្រឡា​សំណង់​ចំនួន​ជាង​ ១២​លាន​ម៉ែត្រក្រឡា និង​មាន​ទុន​វិនិ​យោគ​​​ប្រមាណ ៥,១ពាន់លានដុល្លារអាមេរិក ។

នៅក្នុងចំណោម​គម្រោង​វិនិយោគ​ទាំង​២ ៦២២គម្រោង​ ឃើញថា ​ក្នុង​ដែនសមត្ថកិច្ច​របស់ក្រសួង​មានចំនួន ២៩៣គម្រោង មានផ្ទៃក្រឡា​សំណង់សរុប​ជាង​៩,២លាន​ម៉ែត្រក្រឡា និង​មានតម្លៃប៉ាន់​ស្មាន​ប្រមាណ​ ៨៨០​លាន​ដុល្លារអាមេរិក ធៀបនឹង​ឆ្នាំ ២០២៣​មានថយចុះ​ប្រមាណ១៧,២៦​ភាគរយ ។ ដោយឡែក​គម្រោង​វិនិយោគដែលស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​រដ្ឋបាល​រាជធានី/ខេត្ត​ មានចំនួន ២ ៣២៩​គម្រោង ផ្ទៃក្រឡា​កម្រាល​សំណង់​ចំនួន ១,១៦ ​លាន​ម៉ែត្រ​ក្រឡា មានទុនវិនិយោគ​ប្រមាណ ៤៥៣លាន​ដុល្លា​​រ​អាមេ​រិ​ក​ ​ធៀបនឹង​ឆ្នាំ ២០២៣​មានការកើនឡើង​៨,៣១​ភាគរយ ។

យោងតាម​របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​បានបង្ហាញឱ្យដឹងថា គិត​ចាប់​ពី​ឆ្នាំ ២០០​០​ ដល់​ឆ្នាំ ២០២៤​ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​បាន​ចេញលិខិត​អនុញ្ញាតសាងសង់​នៅទូទាំង​ប្រទេស​ចំនួន ៦៧ ៦៩៦គម្រោង​ មានផ្ទៃ​ក្រឡា​កម្រាលសំណង់​សរុបចំនួន​ជាង ១៩៧​លាន​ម៉ែត្រ​ក្រឡា និងមានតម្លៃ​ប៉ាន់​ស្មាន​ទុនវិនិយោគ​សរុប​ប្រមាណ ៧៨ ៩៦៩លាន​ដុល្លារ​អាមេរិក ។

របាយការណ៍​ដដែលបានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០០០ ​ដល់​ឆ្នាំ ២០២៤​ គម្រោងអគារ​ខ្ពស់​ៗ ចាប់ពី៥ជាន់​ឡើង​​នៅទូទាំង​ប្រទេស​មានចំនួន ២ ៩០៣អគារ ដោយនៅ​រាជ​ធានី​ភ្នំ​ពេញ​មា​ន​ចំនួន ១ ៨២៤អគារ ខេត្ត​ព្រះ​សីហនុ មានចំនួន​៧៣៨​អគារ ខេត្ត​បន្ទាយ​មានជ័យមានចំនួន ២៧២​អគារ និង​បណ្ដាខេត្ត​និងតំបន់​ផ្សេង​ទៀត​មានចំនួន ៦៩​អគារ៕