ភ្នំពេញ ៖ យោងតាមរបាយការណ៍ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា អនុវត្តតាមគោល នយោបាយជាតិ ស្ដីពីលំនៅឋាន និងគោល នយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃ សមរម្យរបស់រាជរដ្ឋាភិបាលក្នុងគោលដៅផ្ដល់ ឱកាសជូនប្រជាពលរដ្ឋទូទាំងប្រទេសមានលំនៅឋានសមរម្យអាចរស់នៅបាន ប្រកបដោយផាសុកភាព សុវត្ថិភាព និង សេចក្ដីថ្លៃថ្នូរ ជាពិសេស ប្រជាពលរដ្ឋដែល មានប្រាក់ ចំណូលមធ្យម ប្រាក់ចំណូលទាប និងជនងាយ រងគ្រោះនោះ គម្រោងលំនៅឋានតម្លៃសមរម្យ ចំនួន ៤គម្រោង រួមមានលំនៅឋានសរុបចំនួន ៨ ៣៣១ខ្នងផ្ទះ និង ៣ ១៦៤ ចំណែកឯកជន (Unit) ត្រូវបានអភិវឌ្ឍន៍នៅភ្នំពេញ និងខេត្ត កណ្ដាល ។

 

យោងតាម របាយការណ៍បូកសរុបរបស់ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីក្រុមហ៊ុនចំនួន ៤ ដែលបានអភិវឌ្ឍ គម្រោងលំនៅឋានតម្លៃសមរម្យលក់ជូនដល់ ពលរដ្ឋ និងមន្ត្រីរាជការដែលមានប្រាក់ ចំណូលទាប និងមធ្យម ។ គម្រោងទាំង ៤នេះ រួមមាន ១. គម្រោងលំនៅឋានទីក្រុងរណប សិរីមង្គល ដែលគម្រោងនេះ អភិវឌ្ឍន៍ដោយក្រុមហ៊ុន WorldBridge Homes Co.,Ltd មានផ្ទះសរុបចំនួន ២ ៤៥៧ ផ្ទះ សាងសង់ឡើង លើផ្ទៃដីចំនួន ២៤ ហិកតា ស្ថិតនៅក្នុង ភូមិ កោះគរ សង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្ត កណ្ដាល ។ គម្រោងនេះបានបញ្ចប់ ១០០ភាគរយហើយ ទាំងដំណាក់កាលទី១ និង ដំណាក់កាលទី២ ។

គម្រោងអភិវឌ្ឍន៍ លំនៅឋានតម្លៃ សមរម្យ មួយទៀត គឺ លំនៅឋាន អារ៉ាខាវ៉ា អភិវឌ្ឍន៍ ដោយ ក្រុមហ៊ុន ARAKAWA Co.,Ltd មាន ចំនួនផ្ទះសរុប ៣ ១៦៤ ចំណែក ឯកជន (Unit) ស្ថិតនៅលើ ផ្ទះដី ១,៣៦ ហិចតា ជា ប្រភេទ អគារ សហកម្មសិទ្ធិ (Condo) ស្ថិតនៅភូមិន ទឹក ថ្លា សង្កាត់ទឹក ថ្លា ខណ្ឌសែន សុខ រាជធានីភ្នំពេញ ។ គម្រោងនេះ ក៏បាន បញ្ចប់ ទាំង ស្រុង ១០០ភាគរយហើយដែរ ទាំង ដំណាក់ កាលទី ១ និងដំណាក់ទី ២ ។

សម្រាប់គម្រោង អភិវឌ្ឍន៍លំនៅឋាន តម្លៃ សមរម្យ ទី ៣ គឺ បុរី សែន មនោរម្យ ព្រែក តាទែន អភិវឌ្ឍន៍ ដោយ ក្រុមហ៊ុន B&BM Development Co.,Ltd មានផ្ទះសរុប ចំនួន ៥ ៣៤០ ស្ថិតនៅលើផ្ទៃដី ចំនួន ៨០ ហិចតា ក្នុង ភូមិ ស្លែងដីដុះ ឃុំ ព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ។ គម្រោងនេះសម្រេច ប្រមាណ ៩៧ ភាគរយក្នុងដំណាក់កាលទី ១ ។

ចំណែកគម្រោង លំនៅឋានតម្លៃសមរម្យមួយទៀត គឺគម្រោង បុរី ហ្គ្រេន ផាក អភិវឌ្ឍន៍ ដោយក្រុមហ៊ុន BRGP Property Development Co.,Ltd ដែលមាន ផ្ទះ ចំនួន ៥៣៤ ផ្ទះ លើផ្ទៃដីសរុប ចំនួន ៥,១៦ ហិចតា ស្ថិតនៅ ក្នុង ភូមទួលកី សង្កាត់ភ្លើងឆេះ រទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ គម្រោង នេះសម្រេច បាន១០០ភាគរយ ហើយ នៅក្នុងដំណាក់កាលទី ១ និង ប្រមាណ៣៧ភាគរយនៅក្នុងដំណាក់ទី២ ៕