ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យ​ដំណើរការ​សាកល្បងនូវ​សេវាសាធារណៈអនឡាញ​​ចំនួន ៤​ រួម​មាន ប្រព័ន្ធលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និង​បញ្ចាំ​ ចាប់​ពី​​ខែកក្កដា ឆ្នាំ២០២៤ ដោយផ្តើមដំបូងពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ហើយជាលទ្ធផលត្រឹមតែនៅរាជធានីភ្នំពេញ មាន​ប្រតិបត្តិការ​តាម​អន​ឡាញ ចន្លោះពី ​១៥០​ ទៅ ​២៥០ ​ប្រតិបត្តិការ​ក្នុងមួយថ្ងៃ និង​អាច​​រកចំណូល​បានចន្លោះពី ១៥ ០០០​ដុល្លារ ​ទៅ ៣ម៉ឺនដុល្លារ​អា​មេ​រិក​​​ក្នុងមួយ​ថ្ងៃ ។
នៅក្នុង​ឱកាស​បើក​វគ្គ​បណ្ដុះបណ្ដាលស្ដីពីការ​ដាក់ឱ្យប្រើប្រាស់​សេវាសាធារណៈចំនួន​៤ របស់​ក្រសួង​រៀប​ចំ​ដែ​​ន​ដី​ នគ​រូ​ប​នីយ​កម្ម​ និង​សំ​ណ​​ង់​ ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ​ក្រសួង​រៀប​ចំ​ដែ​​ន​ដី​ នគ​រូ​ប​នីយ​កម្ម​ និង​សំ​ណ​​ង់​ បានមានប្រសាសន៍ឱ្យដឹងថា ក្នុងការ​អនុវត្ត​សាកល្បង​ចាប់​តាំង​ពី​ខែកក្កដា ដល់​ខែធ្នូ​ ឆ្នាំ២០២៤​នេះ ​មាន​ប្រជា​ពលរដ្ឋ​ដែលជាអ្នកប្រើប្រាស់សេវា​តាមអនឡាញក្នុង​មួយថ្ងៃ មាន​១៥០​ ប្រតិ​បត្តិ​ការ​​ ទៅ​ ២៥០​ប្រតិបត្តិការ ​ហើយចំណូល​ដែលទទួលបានពីការ​ស្នើ​សុំ​នេះ មានចំនួនចន្លោះពី ១៥០០០ដុល្លារ​ ទៅ ​៣០០០០​ដុល្លារ​អា​មេ​រិក​​ផងដែរ​ក្នុងមួយថ្ងៃ ។
លោក​ជំទាវ​បានបន្តថា​ ៖ «របាយការណ៍នេះ គឺគ្រាន់តែមន្ទីរ​នៅរាជធានីភ្នំពេញមួយប៉ុណ្ណោះ និងជា​មន្ទីរដែល​មានការ​ស្នើសុំ​ ឬក៏ប្រើ​ប្រាស់​សេវា​​តាមអនឡាញនេះច្រើន។ ​ជាមួយគ្នា​នេះដែរ យើងឃើញថា ​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​សំណង់ និងសូរិយោដី ខេត្ត​សៀម​រាប ​ក៏​ចាប់​ផ្ដើម​​មានកា​រប្រើប្រាស់សេវាអនឡាញរបស់​ក្រសួង​ផងដែរ ដោយក្នុងមួយថ្ងៃ​យ៉ាង​តិច​ក៏មាន ៤​ ទៅ ៥​ ប្រតិបត្តិការ ដោយថ្ងៃខ្លះអាចឡើង​ដល់ ២០ ​​ប្រតិបត្តិការ​ក៏មានដែរ»។
លោកជំទាវបាន​បញ្ជាក់ឱ្យដឹងថា ក្រោយ​ការ​ដាក់ឱ្យអនុវត្ត​បានសង្កេតឃើញថា ​មន្ទីរ​ដែនដីទាំងពីរ (ភ្នំពេញ និង​ខេត្តសៀមរាប​) បាន​ឈានទៅមុខ​ជា​បន្ត​បន្ទាប់​​​ហើយ ។ ការអនុវត្តន​នេះ នឹងឈានទៅ​រកការ​កែប្រែ ​​និងបំពេញ​បន្ថែម​នូវ​កង្វះខាត​ ហើយក៏សូមឱ្យមានការ​ចូល​រួម​ទាំង​អស់​គ្នា​ពី​មន្ត្រី​ពាក់ព័ន្ធ ដើម្បីឱ្យការ​ប្រើប្រាស់​សេវា​តាម​អនឡាញនេះទទួលបានជោគជ័យ ។
នៅក្នុងបទបង្ហាញរបស់​ ឯកឧត្តម​ គិត ច័ន្ទគ្រឹស្នា​ អនុរដ្ឋ​លេខាធិកា​រក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និ​ងសំ​ណង់​ និងជា​ប្រធាន​ក្រុម​ការ​ងារ​​បរិវត្ត​ឌីជីថល​ បានឱ្យដឹងផងដែរថា ផែនការ​នៃសេវា​អនឡាញ​ ប្រព័ន្ធ​លក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និង​បញ្ចាំ ​របស់ក្រសួង​ដែនដី នឹង​​ដាក់ឱ្យ​ប្រើប្រាស់​នៅតាមបណ្ដា​ខេត្ត​នានា​ជា​បន្តបន្ទាប់​ និង​ឱ្យ​បាន​គ្រ​ប់​ខេត្ត​ទូទាំង​ប្រទេស​ត្រឹមដើម​សប្ដាហ៍ទី​១ ឆ្នាំ ២០២៥​ខាងមុខនេះ។
ឯកឧត្តម​បន្តថា សម្រាប់ខែធ្នូ​ ឆ្នាំ២០២៤ ​នឹង​ដាក់ឱ្យបាន​១៨ រាជធានី/ខេត្ត ហើយ​នៅសល់​៦ខេត្ត​ទៀត​នឹង​ត្រូវ​បញ្ចប់​នៅ​​សប្ដាហ៍ទី​១ នៃ​ខែ​​​មករា ឆ្នាំ២០២៥​ ។ សម្រាប់​សប្ដាហ៍នេះ ក្រសួង​មានផែនការ​ដាក់ឱ្យ​ប្រើប្រាស់សេវា​សាធារណៈអនឡាញ នៅខេត្ត​ចំនួន៥​បន្ថែម​ទៀត រួមមាន​ខេត្ត​កណ្ដាល ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន ខេត្ត​បន្ទាយ​មានជ័យ និង​ខេត្តឧត្តរមានជ័យ ។
បើតាម​របាយការណ៍របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ គិតត្រឹមខែធ្នូនេះ ប្រព័ន្ធលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និង​បញ្ចាំ​​ ដែលបានដាក់ឱ្យអនុវត្តជាផ្លូវការនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប មាន​អ្នកចុះឈ្មោះប្រើសេវាសរុបចំនួន ១៨៦០គណនី ហើយ​​​មាន​កា​រប្រើ​ប្រា​ស់សេវា​សាធា​រ​ណៈអ​​នឡា​​ញ​នេះ​ ​ស​​រុប​ចំ​​នួន​ ​១​៣ ៧៥៧លើក ។ ក្នុងនោះ ចាប់ពីខែសីហា ដល់ខែធ្នូនេះ ក្នុង​ភូមិ​​​​សាស្រ្តរាជធានីភ្នំពេញ មានការប្រើប្រាស់ចំនួន ១៣ ៥៤៩លើក ដោយសេវាលក់/អំណោយផ្ដាច់ មានចំនួន ៧៦០៤លើក ហ៊ីប៉ូតែ​ក​​ចំនួន ៤២៦៩លើក និងលុបបន្ទុកចំនួន ១៦៧៦លើក។ ចំណែកនៅខេត្តសៀមរាប ចាប់ពីដើមខែវិច្ឆិកាមក មា​ន​ការ​ប្រើ​ប្រាស់​សរុប​ចំនួន ២០៨លើក ដោយសេវាលក់/អំណោយផ្ដាច់ មានចំនួន ១០៩​លើ​ក​, ហ៊ីប៉ូ​​តែ​ក មាន​ចំនួន ៧១លើក និងលុបបន្ទុកចំនួន ២៨លើក ៕