ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួង និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ ក្នុងគោលបំណងដើម្បីឈានទៅធ្វើកិច្ចសហការការងារផ្នែកច្បាប់ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត ក៏ដូចជាចូលរួមកសាងគណៈមេធាវីឱ្យកាន់តែរឹងមាំ ជំរុញនូវការយកច្បាប់មកអនុវត្តឱ្យបានកាន់តែច្រើនជាងមុន។ នេះជាការលើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពេលទទួលជួបសម្ដែងការគួរសម និងចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសង្កេតឃើញថា សម្រាប់កម្ពុជា,ការកសាងនីតិរដ្ឋមានការលំបាកច្រើន មិនមែនព្រោះតែកម្ពុជាខ្វះអ្នកច្បាប់នោះទេ ប៉ុន្តែអ្នកដែលអាចយល់ដឹងអំពីច្បាប់ទម្លាប់នៅមានកម្រិតនៅឡើយ ពីព្រោះសង្គមកម្ពុជាគឺជាសង្គមមួយដែលទើបតែងើបចេញផុតពីផេះផង់នៃសង្គ្រាម។
ទាក់ទិននឹងវិស័យដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងថា បច្ចុប្បន្នការចុះបញ្ជីដីធ្លីនៅកម្ពុជានៅសល់ត្រឹមតែប្រមាណ ៥០ ម៉ឺនក្បាលដីទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់ជាស្ថាពរ។ ដោយឡែក បញ្ហាវិវាទដីធ្លីមានមេធាវីស្ម័គ្រចិត្តជាច្រើនបានចូលរួមក្នុងការជួយដោះស្រាយវិវាទដែលនៅសេសសល់ប្រមាណ ៥០០ ករណីទៀត ដោយក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើដល់គណៈមេធាវីអាចពិចារណាចូលរួមជួយដោះស្រាយវិវាទដីធ្លីដែលនៅសេសសល់ទាំងនេះដើម្បីបង្កើនល្បឿនបញ្ចប់ភាពសៅហ្មងចម្រូងចម្រាស់ក្នុងសង្គមជាតិឱ្យបានឆាប់រហ័ស ជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាចូលរួមពង្រឹងនីតិរដ្ឋនៅកម្ពុជាផងដែរ។
ម្យ៉ាងទៀត ឯកឧត្តម ក៏បានស្នើដល់គណៈមេធាវីពិចារណាថា តើនៅពេលមានការទិញលក់អចលនទ្រព្យនោះ សារការីអាចចូលរួមបានដោយរបៀបណា និងការស្នើសុំសេវារបស់ក្រសួង ថាតើក្រុមមេធាវីអាចចូលរួមបានយ៉ាងដូចម្ដេច ព្រមទាំងបានស្នើឱ្យគណៈមេធាវីចូលរួមក្នុងការតាក់តែងលិខិតបទដ្ឋាននានា និងផ្សព្វផ្សាយច្បាប់ទម្លាប់ផ្សេងៗឱ្យបានទូលំទូលាយផងដែរ៕