ភ្នំពេញ ៖ បច្ចុប្បន្ន កម្ពុជាមានកំពង់ផែសមុទ្រ និងកំពង់ផែទន្លេ សរុបចំនួន ១១៩ កន្លែង ដោយក្នុងនោះ នៅតាមតំបន់ឆ្នេរសមុទ្រមានកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែចំនួន ៣០ផ្សេងទៀត និងនៅតាមដងទន្លេ មានកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែចំនួន ៨៧ ផ្សេងទៀត ដែលបាន និងកំពុងចូលរួមលើកកម្ពស់ប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រនៅកម្ពុជា។

ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ដូច្នេះនៅក្នុងពិធីសម្ពោធកំពង់ផែទេសចរណ៍អន្តរជាតិកំពត នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅឃុំជើងក្រៀល ស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សមិទ្ធផលថ្មីៗនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រាប់ចាប់ពីហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពានធំៗ ផ្លូវល្បឿនលឿន ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅទូទាំងប្រទេសបានលេចចេញជារូបរាង និងកំពុងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលគឺបានកើតចេញពីកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលកម្ពុជាកំពុងមានដូចនាពេលបច្ចុប្បន្ន។ ជាក់ស្តែង កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលទើបសម្ពោធនេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានាក្នុងព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖

«កំពង់ផែនេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ ការដឹកជញ្ជូន តាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ការតភ្ជាប់ទាំងអស់នេះនឹងរួមចំណែក យ៉ាងសំខាន់ ក្នុងការលើកកម្ពស់សកម្មភាព សេដ្ឋកិច្ច សង្គម តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្មក្នុងស្រុកដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ហាងលក់វត្ថុអនុស្សាវរីយ៍ និងក្រុមហ៊ុនទេសចរណ៍ជាដើម ព្រមទាំងជំរុញឱ្យមានការបង្កើតនូវទីតាំងកម្សាន្តថ្មីៗនៅក្នុងភូមិសាស្រ្តខេត្តកំពត និងបណ្តាខេត្តផ្សេងទៀតនិយាយជារួម ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត»។

គួរបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត គឺជាអនុគម្រោងមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ក្រោមការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី និងជាគំនិតផ្តួចផ្តើមរៀបចំដោយក្រសួងទេសចរណ៍ ហើយក្រោយមក នាឆ្នាំ២០២០ ត្រូវបានប្រគល់ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាក្រសួងជំនាញទទួល បន្ទុកគ្រប់គ្រងបច្ចេកទេស ដើម្បីអនុវត្តបន្ត៕