ព្រះសីហនុ ៖ តាមរយៈកម្មវិធី​ពិសេសជំរុញ​ការ​វិនិយោគ​​ខេត្តព្រះសីហនុរបស់រាជរដ្ឋាភិបាល​ដែលបានប្រកាស​ឱ្យ​អនុវត្ត​ន៍​នៅដើមឆ្នាំ២០២៤ និង​បន្ត​ដល់​ដំណាច់ឆ្នាំ២០២៥​នេះឃើញ​ថា​ មានគម្រោងជាច្រើន​ចាប់ផ្ដើម​ប​ណ្ដា​​​ក់​ទុនវិនិយោគ​បន្តនៅខេត្តព្រះសីហនុ ដោយក្នុងនោះគម្រោងអគារ​ជាប់គាំង​ប្រមាណជា​ង១២០​គម្រោង​ក៏​បាន​ដំណើរការ​ឡើង​វិញ​ផងដែរ ។

យោងតាម​ប្រសាសន៍ឯកឧត្តម​ ឡុង ឌីម៉ង់ អភិបាល​រងខេត្ត​ និងជាអ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ បាន​មានប្រសាសន៍ថា តាមរយៈកម្មវិធីជំរុញការ​វិនិយោគខេត្ត​​ព្រះសីហនុ​របស់រដ្ឋាភិបាលដែលបានដាក់​ចេញ​តាំង​ពី​ដើមឆ្នាំ២០២៤​មកឃើញថា មានគម្រោង​ជាង​២៣០​គម្រោង​ហើយបានទទួល​ការ​លើកទឹកចិត្ត​ និង​​បណ្ដាក់ទុនវិនិយោគ​ដែលគិតជា​ទឹកប្រាក់​ប្រមាណ​ ៦ពាន់​លានដុល្លារអាមេរិក ។


ឯកឧត្តម​បន្តថា​ ក្នុង​ចំណោមគម្រោង​ដែល​​ត្រូវបានរាជរដ្ឋាភិបាល​ផ្ដល់ការ​លើកទឹកចិត្ត​​ឱ្យ​វិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុ មានគម្រោងអគារ​ជាប់​គាំង​ប្រមាណជា​ ១២០គម្រោង​​ ដោយ​ខ្លះចាប់ផ្ដើម​សាងសង់​បន្ត​ ខ្លះទៀត​ក៏បានសាងសង់​រួច​ និង​ខ្លះទៀត​កំពុង​ត្រៀម​ខ្លួន​ដាក់ឱ្យ​ដំណើរការ​ប្រតិបត្តិការ​ ដូច្នេះ ការ​លើកទឹ​ក​ចិត្ត​បន្ថែមចំពោះពន្ធអចលនទ្រព្យ និងពន្ធផ្សេងៗទៀត ដែល​ជាគោលការរបស់រាជរដ្ឋាភិបាល​ នឹង​ចូល​រួម​ចំណែក​លើកទឹកចិត្ត​ជាច្រើន​ដល់​អ្នក​វិនិយោគ ម្ចាស់គម្រោង​ ម្ចាស់អគារ​ ម្ចាស់ទីតាំង​ជាដើម ដើម្បីឱ្យ​ពួក​គាត់​មានឱកាស​ស្វែងរកដៃគូមក​វិនិយោគ​នៅខេត្តព្រះសីហនុ​បន្ថែម ។

ឯកឧត្តម​បន្ថែមថា ៖

«ដើមឡើយ​ គម្រោង​អគារ​ជាប់គាំង​នៅក្នុង​ព្រះសីហនុ​មានចំនួន​៣៦៥​គម្រោង​ ប៉ុន្តែ​មក​ដល់ពេលនេះ បានដោះស្រាយប្រមាណ ១២០​គម្រោង​ហើយ ដោយរំពឹងថា​គម្រោងអគារ​ជាប់គាំង​ដទៃទៀត​នឹង​ត្រូវ​បានដោះស្រាយ​តាមរយៈកម្មវិធីជំរុញការ​វិនិយោគ​​ខេត្តព្រះសីហនុ និង​ការលើកទឹកចិត្ត​បន្ថែមចំពោះ​ផ្នែកពន្ធរបស់រាជរដ្ឋាភិបាល។​ ​ម្យ៉ាងទៀត ការ​ដំណើរកា​រឡើងវិញនូវអគារ​ជាប់គាំង​នៅក្នុង​ខេត្ត​ព្រះសីហនុនេះដែឬ ក៏​នឹងជួយ​លើក​មុខ​មាត់ខេត្ត ក៏ដូចជា​សោភណ្ឌភាព​​នៃទីក្រុងក្នុង​ខេត្តព្រះសីហនុ ដែលជាការទាក់ទាញទេសចរ ក៏ដូចជា​វិនិយោគ​ចូល​មកបណ្ដាក់ទុនវិនិយោគ​បន្ថែម»​។

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​ប្រចាំខេត្តព្រះសីហនុ បានលើកឡើងថា តាមរយៈ​កម្មវិធីជំរុញ​ការ​វិនិយោគ​ពិសេស​នៅក្នុង​ខេត្តព្រះសីហនុ ឃើញថាមានគម្រោង​អគារ​ជាប់គាំង​កន្លងមក​ជាច្រើន​ បាន​ចាប់ផ្ដើម​ដំណើរការ​សាងសង់​និងធ្វើប្រតិបត្តិការ​ឡើងវិញ ដោយរំពឹងថា​ឆាប់ៗអគារ​ជាប់គាំងទាំងអស់​នឹង​ត្រូវ​បានដោះស្រាយ​ហើយ​ មានសកម្មភាពប្រតិបត្តិការ​ ។


បើតាម​ប្រសាសន៍សម្ដេច​មហា​បវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​ ផ្លូវ​ចំនួន​៣ខ្សែ កាលពីថ្ងៃទី២៩ មេសា ២០២៥​កន្លងទៅនេះ​បាន​បញ្ជា​ក់​ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើអភិវឌ្ឍ​ន៍ក្នុងតំបន់​ឆ្នេរ​នៃព្រះរាជាណាចក្រ​កម្ពុជា ដោយខេត្តព្រះសីហនុ ជា​ខេត្ត​ដែលមានសន្ទុះ វិនិយោគខ្លាំង​ជាង​គេ ក្នុង​ចំណោម​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​កម្ពុជា ។​ ក្រៅពីនេះ ខេត្តកំពត​និង​កែប ក៏កំពុង​មានសក្ដានុពល​ក្នុ​ងការ​ទាក់ទាញ​វិនិយោគិន​ ដើម្បី​វិនិយោគ​លើ​វិស័​យ​ឧស្សាហកម្ម ដោយក្នុងនោះសម្ដេចធិបតី​បានបញ្ជាក់​​សម្ដេច​បាន​ចុះហត្ថលេខា​លើការ​គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយចំនួន រួចហើយនៅក្នុង​ខេត្តកំពត និងមានគម្រោងធំមួយ​មានទុនវិនិយោគ​រាប់​ពាន់​លានដុល្លារអាមេរិក ត្រៀមបណ្ដាក់ទុន​នៅក្នុង​ខេត្តកំពត​ផងដែរ ៕