ព្រះសីហនុ ៖ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបចំនួន ១.៦១៦ លានដុល្លារអាម៉េរិក (២០២៣) ខេត្តព្រះសីហនុមានរោងចក្រសហគ្រាសសរុបចំនួន ៣.៨៣៣ ទីតាំង និងបានបង្កើតឱកាសការងារដល់កម្មករនិយោជិតជាង ១១០.០០០នាក់ គិតត្រឹមខែមេសា ឆ្នាំ២០២៥ ដោយទទួលបានប្រាក់ឈ្នួលមធ្យមសរុប ប្រមាណ ៣៥៩លានដុល្លារអាម៉េរិកក្នុង១ឆ្នាំ។ បន្ថែមពីនេះខេត្តជាប់ឆ្នេរសមុទ្រដ៏មានសក្តានុពលមួយនេះ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ ដែលកំពុងដំណើរការយ៉ាងសកម្ម។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុត្រូវបានគេចាត់ទុកថាមានសក្ដានុពលខ្លាំងជាងគេ ដោយមានក្រុមហ៊ុនវិនិយោគសរុបចំនួន ២០០ ដែលមានរោងចក្រ សហគ្រាសជាង ៣០០ ទីតាំង និងបានស្រូបទាញកម្លាំងពលកម្មចំនួនជាង ៣ ម៉ឺននាក់ ជាមួយនឹងប្រាក់ឈ្នួលមធ្យមប្រចាំខែ ៣១១ ដុល្លារអាម៉េរិក។ ប្រភេទឧស្សាហកម្មសំខាន់ៗរួមមាន៖ រោងចក្រអេឡិចត្រូនិក រោងចក្រគ្រឿងផ្គុំរថយន្ត រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប រោងចក្រផលិតភេសជ្ជៈ អាហារ ផលិតសម្ភារវេចខ្ចប់ និងរោងចក្រកែច្នៃពេជ្រជាដើម។
ផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាមានចក្ខុវិស័យ ក្នុងការប្រែក្លាយខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរួមមានខេត្តព្រះសីហនុ កោះកុង កំពត និងកែប ឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេគំរូពហុបំណង និងប្រទាក់ក្រឡា និងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលសមាហរណកម្មឧស្សាហកម្មក្នុងតំបន់ បម្រើជាច្រកទ្វារអន្តរជាតិ និងប៉ូលអភិវឌ្ឍន៍ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។

