កម្មវិធីសម្ពោធដាក់ឱ្យដំណើរការ ធនាគារ វីង សាខាខេត្តកំពង់ធំ បានប្រព្រឹតិ្តទៅយ៉ាងអធិកអធម កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងឥស្សរជន ថ្នាក់ដឹកនាំជាច្រើនដូចជា ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក , ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងតំណាងធនាគារជាតិនៃកម្ពុជា ថ្នាក់ដឹកនាំធនាគារ វីង និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ជាមួយនឹងសក្ដានុពលសេដ្ឋកិច្ចដ៏រស់រវើករបស់ខេត្តកំពង់ធំ យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ តាមរយៈការរួមចំណែកជំរុញភាពរីកចម្រើនក្នុងខេត្តនេះ ជាមួយនឹងការបើកសម្ពោធសាខាថ្មីស្ថិតនៅចំកណ្តាលក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ។ ជាមួយនឹងវត្តមានសាខាថ្មីនេះ ប្រជាពលរដ្ឋគ្រប់រូប ក៏ដូចជាអាជីវកម្មគ្រប់ប្រភេទនឹងទទួលបានសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយ ដែលជាការរួមចំណែកដ៏សំខាន់សំដៅជំរុញកំណើនសេដ្ឋកិច្ចក្នុងសហគមន៍ តាមរយៈការផ្តល់ជូននូវសេវាកម្មធនាគារពេញលេញ រាប់ចាប់ពីសេវាប្រាក់កម្ចី ប្រាក់បញ្ញើ បើកគណនីសន្សំ ការផ្ទេរប្រាក់ទៅក្រៅប្រទេស ការទូទាត់វិក្កយបត្រផ្សេងៗ ព្រមទាំងដំណោះស្រាយហិរញ្ញវត្ថុជាច្រើនផ្សេងទៀត ៕