ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការ បានធ្វើការចុះហត្ថលេខាជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway PLC) របស់អ្នកឧកញ៉ា គិត ម៉េង លើកិច្ចព្រមព្រៀងប្រតិបត្តិការ និងថែទាំបណ្តោះអាសន្នលើគម្រោងផ្លូវដែកកម្ពុជា ដើម្បីជំរុញគម្រោងផ្លូវដែកឱ្យកាន់តែរីកចម្រើន។


ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងនាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមវត្តមាន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមតំណាងរាជរដ្ឋាភិបាល និងក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក. (RRPLC) តំណាងដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក. (RRPLC)ព្រមទាំងមន្ត្រី និងថ្នាក់ដឹកនាំក្រុមហ៊ុនជាច្រើនរូបទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានសម្តែងនូវការអបអរសាទរចំពោះការចុះហត្ថលេខានាពេលនេះ គឺជាការបន្តបោះជំហានដ៏សំខាន់ថ្មីមួយបន្ថែមទៀត បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ដើម្បីឆ្ពោះទៅកាន់ការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋ និងឯកជនថ្មីមួយ ស្របតាមគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងនាថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងធានាថាប្រតិបត្តិការផ្លូវដែកនៅតែបន្តដោយគ្មានការរំខានក្នុងអំឡុងពេលអន្តរកាលនៃកិច្ចចរចាកិច្ចព្រមព្រៀង PPP ថ្មី រវាងរាជរដ្ឋាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ និងក្រុមហ៊ុនដៃគូយុទ្ធសាស្ត្រ ជាពិសេសធានាឱ្យបាននូវការធ្វើឱ្យប្រសើរឡើងសេវាផ្លូវដែកនានា ទាំងការដឹកជញ្ជូនមនុស្ស និងទំនិញ, ការបង្កើតឱ្យមាននូវវិធានការសុវត្ថិភាពខ្ពស់បំផុត មួយនៅតាមបណ្តាញផ្លូវដែកទាំងពីរខ្សែ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្របតាមការណែនាំ របស់រាជរដ្ឋាភិបាល ក្នុងករណីចាំបាច់ណាមួយ។ កិច្ចព្រមព្រៀងប្រតិបត្តិការ និងថែទាំបណ្តោះ អាសន្ននេះ ក៏បានកំណត់អំពីសូចនាករសមិទ្ធកម្មគន្លឹះ ថ្មីមួយចំនួនផងដែរ ដើម្បីជំរុញការធ្វើប្រតិបត្តិការ និងការថែទាំផ្លូវដែក ដោយអនុលោមតាមស្តង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ។


តំណាងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway PLC)បានឱ្យដឹងថា កិច្ចព្រមព្រៀងគោលការណ៍នេះជាជំហានដ៏សំខាន់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងនៃកម្ពុជា ដើម្បីធានាបាននូវដំណោះស្រាយដឹកជញ្ជូនដ៏ប្រសើរ និងគ្រប់គ្រងបានយូរអង្វែងសម្រាប់អនាគត និងផ្តោតលើការពង្រីក និងធ្វើឱ្យទាន់សម័យបណ្តាញផ្លូវរថភ្លើងនៃកម្ពុជា ដែលនឹងដើរតួនាទីសំខាន់ក្នុងការលើកកំពស់ពាណិជ្ជកម្ម ទេសចរណ៍ និងការរួមបញ្ចូលតំបន់។ តាមរយៈការកែលម្អការតភ្ជាប់ផ្លូវរថភ្លើង កិច្ចព្រមព្រៀងនេះមានគោលបំណងកាត់បន្ថយការចំណាយដឹកជញ្ជូន កែលម្អប្រសិទ្ធភាពឡូជីស្ទីក និងផ្តល់ជម្រើសដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថានសម្រាប់ទំនិញ និងអ្នកដំណើរ។

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ នឹងនៅតែបន្តខិតខំក្នុងការផ្តល់សេវាកម្មផ្លូវរថភ្លើងដ៏មានសុវត្ថិភាព គួរឱ្យទុកចិត្ត និងមានប្រសិទ្ធភាព ជូនដល់អាជីវកម្មនានាទូទាំងប្រទេស។ កិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំទ្រគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា។

 

សូមជម្រាបផងដែរថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប និងជាអ្នកផ្តល់សេវាដឹកជញ្ជូនផ្លូវដែកតែមួយគត់ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនរូយ៉ាល់រេលវេ បានចាប់ផ្តើមប្រតិបត្តិការសេវាកម្មតាំងពីឆ្នាំ ២០១០ បន្ទាប់ពីវាបានបញ្ចប់ការស្តារឡើងវិញនូវបណ្តាញផ្លូវដែកទាំងខ្សែខាងត្បូង និងខាងជើង ដើម្បីធានាជូននូវសុវត្ថិភាព ភាពជឿជាក់ និងការពេញចិត្តរបស់អតិថិជន។ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ តែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់តម្រូវការដឹកជញ្ជូនទំនិញទូទៅក្នុងប្រទេស ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕