Date: 2019-08-13

(ភ្នំពេញ)៖ លោកឧកញ៉ា នួន រិទ្ធី អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុន KFA បានបញ្ជាក់ថា ការហក់ឡើងនូវតម្លៃអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ គឺស្ទើរតែជុំវិញក្រុងទៅហើយ ដែលមានចម្ងាយប្រមាណជាង៣០គីឡូពីទីក្រុងភ្នំពេញ ក៏ប៉ុន្តែទីតាំងដែលកំពុងមានសក្ដានុពលទាំងបច្ចុប្បន្ន និងអនាគត គឺជាទីតាំងនៅភាគខាងត្បូងរាជធានីភ្នំពេញ ព្រោះថានៅទីនោះមានទីប្រជុំជនធំ និងគម្រោងអភិវឌ្ឍន៍ធំៗ ដែលក៏កើតឡើង។

ការលើកឡើងបែបនេះ របស់លោកឧកញ៉ា នួន រិទ្ធី បានធ្វើឡើងក្នុងកិច្ចសម្ភាស នៃកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News ។

លោកបានបញ្ជាក់ថា «មូលហេតុដែលធ្វើឲ្យតម្លៃអចលនទ្រព្យ មានការហក់លោតខ្លាំងបែបនេះ គឺមកពីមានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ដូចជាការសាងសង់ផ្លូវក្រវាត់ក្រុងទី២ ដែលកត្តាមួយជំរុញឲ្យមានការវិវត្តន៍ជាច្រើន។…ដោយឡែកកត្តាជំរុញបន្ថែមទៀតនោះ គឺថ្មីៗនេះ ក៏មានការសម្ពោធផ្លូវក្រវាត់ក្រុងទី៣មួយទៀត ដែលវត្តមានផ្លូវក្រវាត់ក្រុងទី៣នេះហើយ ដែលជាកត្តាជំរុញយ៉ាងខ្លាំង ទៅលើវិស័យអចលនទ្រព្យ នៅតាមតំបន់ជាយក្រុង ក្នុងរាជធានីភ្នំពេញ មានតម្លៃកើនឡើងផងដែរ»

លោកបញ្ជាក់ទៀតថា បើមើលទៅតបន់ភាគខាងជើង ដែលមាននៅខាងព្រែកព្នៅ យើងឃើញថា មានការកកើតច្រើនផងដែរដូចជា លំនៅដ្ឋានផ្សេងៗ ក៏ប៉ុន្តែវាមិនស្ថិតនៅជិតគម្រោងធំៗ ដូចជានៅភាគខាងត្បូងនោះទេ។ ប៉ុន្តែសម្រាប់នៅភាគខាងត្បូង គឺមានគម្រោងធំៗជាច្រើន និងត្រៀមមានគម្រោងធំមួយៗទៀតកើតឡើង គឺការសាងសង់ព្រលានយន្តហោះ។