ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បានលើកឡើងថា ក្នុងគោលបំណងលើក​ស្ទួយជីវភាពប្រជាពលរដ្ឋ​ និងដើម្បីជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ​ក្រសួងរៀបចំដែនដី​ នឹង​រៀបចំ​ប្លង់គោល​នៃការ​ប្រើប្រាស់​ដីនៅតាមបណ្ដាខេត្តទូទាំងប្រទេស ដោយនឹងយកប្លង់គោល​នៃការ​ប្រើប្រាស់​ដី​នៅក្នុង​ខេត្តសៀមរាប និងខេត្ត​ចំនួន៥ផ្សេងទៀត​ដែលនៅជុំវិញ​បឹងទន្លេសាប ធ្វើជា​គំរូ​សម្រាប់ការអនុវត្ត ។

នៅក្នុងកិច្ចប្រជុំ​ពិគ្រោះយោបល់​ស្ដីពីការ​គ្រប់គ្រង​តំបន់​បឹងទន្លេសាប និង​តំបន់​រមណីយដ្ឋាន​អង្គរ​ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការ​រៀបចំប្លង់​គោលនៃការប្រើប្រាស់ដីនៅខេត្តសៀមរាប និងខេត្ត​ចំនួន ៥ទៀតនៅជុំវិញបឹងទន្លេសាបនេះ នឹងត្រូវប្រើប្រាស់ធ្វើជាគំរូសម្រាប់អនុវត្តនៅទូទាំងប្រទេសដើម្បី​លើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

ឯកឧត្តម បានស្នើសុំឱ្យអាជ្ញាធរទន្លេសាបមានការឯកភាពគ្នាក្នុងការចូលរួមអនុវត្តការងារនៅក្នុងតំបន់បឹងទន្លេសាប និងបានឱ្យដឹងថា ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងត្រូវចុះអនុវត្តការងាររៀបចំផែនការប្រើប្រាស់ដីនៅខេត្តចំនួន ៦ជុំវិញបឹងទន្លេសាប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖

«យើងមានក្រុមការងារដែលបានបែងចែកជារួមមានចំនួន ១៣១ ឃុំ ក្នុងខេត្តចំនួន ៦ ជុំវិញបឹងទន្លេសាប ដែលត្រូវរៀបចំប្លង់គោលនៃការប្រើប្រាស់ដី។ ជារួមគឺផ្ដើមចេញពីភូមិចំនួន ១១៤ ដែល​ពាក់ព័ន្ធក្នុងតំបន់បេតិកភណ្ឌអង្គរ និងបន្តធ្វើនៅទូទាំងខេត្តសៀមរាប ដោយត្រូវរៀបចំប្លង់គោលនៃការ​ប្រើប្រាស់ដីឱ្យបានចប់សព្វគ្រប់នៅទូទាំងខេត្ត»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការរៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅខេត្តសៀមរាប និងខេត្តចំនួន ៥ទៀត នៅជុំវិញបឹងទន្លេសាបនេះ នឹងត្រូវប្រើប្រាស់ធ្វើជាគំរូសម្រាប់អនុវត្តនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ តាមរយៈការរៀបចំប្លង់គោលនៃការប្រើប្រាស់ដី រួមជាមួយការបង្កើតមូលនិធិឃុំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងអា​ចផ្តល់ថវិកាស្របតាមគម្រោងផែនការតាមឃុំនីមួយៗបាន ដែលនេះគឺជាយុទ្ធសាស្ត្រពិសេសមួយសំ​ដៅ​សម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ ២០៣០ និងឆ្នាំ ២០៥០។

តាមរបាយការណ៍វឌ្ឍនភាពរបស់ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាប បានឱ្យដឹងថា តំបន់ទន្លេសាប ក្នុងដែនសមត្ថកិច្ចរបស់ខេត្តសៀមរាបមានឃុំសង្កាត់ចំនួន ៣៣, ក្រុមការងារបានរៀបចំសម្រេចចំនួន ២ឃុំ គឺឃុំពោធិ៍ទ្រាយ ស្រុកពួក និងឃុំកំពុងភ្លុក ស្រុកប្រាសាទ​បាគង ហើយកំពុងរៀបចំ ២ឃុំ/សង្កាត់បន្តទៀត គឺសង្កាត់ចុងឃ្នាស ក្រុងសៀមរាប, និងឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម។​​​ តំបន់បេតិកភណ្ឌពិភពលោកអង្គរៈ រមណីយដ្ឋានអង្គរមាន ១១៤ភូមិ, ក្រុមការ​ងារ​បានរៀបចំរួចរាល់ចំនួន ៤ ភូមិគឺ ភូមិខ្នាត ស្រុកពួក, ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀ​ម​រាប, ភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប, ភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ហើ​យក្រុមការងារកំពុងរៀបចំបន្តទៀតចំនួន៥ គឺភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង, ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង, ភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង, ភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង និងភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង។

នេះជាជំហានដ៏សំខាន់មួយទៀតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អជ្ញាធរជាតិបឹងទន្លេសាប រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តទាំង៦ នៅជុំវិញតំបន់បឹងទន្លេសាប ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ ស្វែងរកផែនទីឯកភាពការងារ លើការរៀបចំប្លង់គោល ផែនការនៃការប្រើប្រាស់ដី តាមរយៈការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងតំបន់បឹងទន្លេសាប មុននឹងឈានទៅរៀបចំប្លង់គោលនៃការប្រើប្រាស់ដីទាំង ១៦៥២ឃុំ នៅទូទាំងប្រទេស ។