ភ្នំពេញ ៖ បន្ទាប់ពីទទួលបានកិច្ចព្រមព្រៀងពីរដ្ឋាភិបាលចិន អនុញ្ញាតឱ្យមានការនាំចូលផលិតផលសំបុកត្រចៀកកាំកម្ពុជាចទៅកាន់ទីផ្សារដ៏ទូលាយ របស់ខ្លួននោះ បណ្តាពាណិជ្ជករកម្ពុជាក្នុងវិស័យមួយនេះបានប្រឹងប្រែងពង្រឹងគុណភាព តាមរយៈការបណ្តាក់ទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់។ ជាក់ស្ដែង នៅត្រឹមដើមឆ្នាំ២០២៦ខាងមុខនេះ បើមិនមានអ្វីប្រែប្រួលនោះទេ រោងចក្រកែច្នៃសំបុកត្រចៀកកាំលំដាប់ស្តង់ដារអន្តរជាតិដែលធំជាងគេនៅកម្ពុជា នឹងបើកដំណើរការយ៉ាងប្រាកដក្រោមកិច្ចសហការរួមគ្នារវាងក្រុមហ៊ុនដ៏ធំមួយក្នុងស្រុក និងដៃគូមកពីប្រទេសចិនផ្ទាល់តែម្ដង។
លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា បច្ចុប្បន្ននេះ លោកឧញ៉ា បានសហការជាដៃគូជាមួយក្រុមហ៊ុនមកពីប្រទេសចិនបង្កើតរោងចក្រកែច្នៃ និងផលិតទឹកសំបុកត្រចៀកកាំលំដាប់អន្តរជាតិ ដែលនឹងចាប់ដំណើរការជាផ្លូវការនៅដើមឆ្នាំ២០២៦ខាងមុខនេះ។
លោកឧកញ៉ា នួន រិទ្ធី បានអោយដឹងថា៖ តាមផែនការរបស់ក្រុមហ៊ុន គឺចាប់ផ្តើមនាំយកសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារចិននាដើមឆ្នាំ២០២៦យ៉ាងប្រាកដ ដោយក្នុងនោះដែរ លោកឧកញ៉ា ក៏បានជួយបង្ហាត់បង្រៀនកូនក្មួយ ព្រមទាំងបានផ្តល់ឱកាសការងារជាច្រើនកន្លែងជូនដល់ពលរដ្ឋនៅក្នុងសហគមន៍ផងដែរ ហើយនេះជារោងចក្រធំជាងគេនៅកម្ពុជា។
សូមរំលឹកដែរថា ផ្អែកតាមសមាគមត្រចៀកកាំខ្មែរ បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ អាជីវកម្មផ្ទះត្រចៀកកាំនៅកម្ពុជា បានសាងសង់ និងដំណើរការមានប្រមាណ ៥០០០ដំបូល ខណៈដែលទីផ្សារសំបុកត្រចៀកកាំបច្ចុប្បន្នមានតម្លៃចាប់ពីប្រមាណ ៤០០ ទៅ ៥០០ ដុល្លារក្នុងមួយគីឡូក្រាម សម្រាប់សំបុកត្រចៀកកាំមិនទាន់សម្អាត និងមិនទាន់កែច្នៃ ។ ចំណែកឯសំបុកត្រចៀកកាំដែលកែច្នៃរួច អាចមានតម្លៃចាប់ពី៨០០ ទៅ១៥០០ក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមការសម្អាតរបស់ក្រុមហ៊ុននីមួយៗ៕


#ប្រភពរូបភាពនិងខ្លឹមសារទំព័រហ្វេកប៊ុកផេក Oknha Noun Rithy