ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាប់ផ្ដើមហើយ ខណៈផលិតផលក្នុងស្រុករាប់រយមុខមកពីគ្រប់វិស័យ បានត្រៀមរួចជាស្រេច ដើម្បីទទួលស្វាគមន៍បងប្អូនសាធារណជនមកចូលរួមទស្សនានៅក្នុងកម្មវិធីពិព័រណ៍ថ្ងៃទី១នេះ។

ពិព័រណ៍ផលិតផលខ្មែរនេះត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមប្រធានបទ “ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក”។ ពិព័រណ៍ផលិតខ្មែរនេះ រៀបចំឡើងស្របពេលដែល ប្រជាពលរដ្ឋកម្ពុជា កំពុងទទួលបានការគាំទ្រផលិតក្នុងស្រុកយ៉ាងខ្លាំងក្លា។ ពិព័រណ៍នេះ ជាឱកាសប្រមូលផ្ដុំនៅផលិតផលខ្មែរជាច្រើនប្រភេទ មកពីតាមបណ្ដារាជធានី-ខេត្ត ដោយមានស្តង់ចំនួន ២៨៣ស្តង់ ក្នុងនោះស្តង់របស់អាជីវករខ្មែរមានចំនួន២២៩ និងស្តង់ដៃគូសហការរៀបចំព្រឹត្តិការណ៍ពិព័រណ៍មានចំនួន ៥៤ស្តង់។

ព្រឹត្តិការណ៍ពិព័រណ៍ផលិតខ្មែរ “ខ្មែរធ្វើបាន៖ ចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុក” មានគោលដៅសំខាន់ គឺជំរុញការគាំទ្រផលិតខ្មែរ បង្ហាញទៅកាន់ប្រជាពលរដ្ឋខ្មែរ ឱ្យបានដឹងពីអ្វីដែលកម្ពុជា បាននឹងកំពុងផលិតបាន។ លើសពីនេះ វាក៏ជាព្រឹត្តិការណ៍ បង្ហាញពីការរួបរួមសាមគ្គី របស់មហាគ្រួសារខ្មែរ។ ជាមួយគ្នានេះ វត្តមានវាគ្មិនជាច្រើនរូប ក៏បានត្រៀមខ្លួនរួចរាល់ សម្រាប់វេទិកាជជែកពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីផ្ដល់ចំណេះដឹង និងបទពិសោធថ្មីៗដល់អ្នកចូលរួមទាំងអស់គ្នា។

សូមជម្រាបជូនថា ពិព័រណ៍ផលិតផលខ្មែរ “ខ្មែរធ្វើបាន៖ ចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុក” នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ២៦ ២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ (អគារ G-L) ហើយក៏នឹងមានការចូលរួមពីតារាចម្រៀង ដែលនឹងច្រៀងបទចម្រៀងពាក់ព័ន្ធនឹងជាតិ។ លើសពីនេះក៏មានកម្មវិធីអមដែលមានទូតាំងម្ហូបអាហារ ភេសជ្ជៈ សួនកុមារ ការសម្ដែងសិល្បៈចម្រុះ សៀក ការសម្ដែងភ្លេងពីក្រុមកាយរឹទ្ធកម្ពុជា និងកាកបាទក្រហមកម្ពុជា ការចាប់រង្វាន់ ការបង្ហាញបសុសត្វ និងការជិះរទេះគោ រទេះសេះកម្សាន្តផងដែរ៕

#ប្រភពរូបភាព សហភាពសហព័ន្ធយុវជនកម្ពុជា