គិតត្រឹមឆ្នាំ២០២៤ រាជធានីភ្នំពេញទទួលបានគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក្រៅពីតំបន់សេដ្ឋកិច្ចពិសេស) មានចំនួនសរុប ៩៦៥ គម្រោង ក្នុងទុនវិនិយោគប្រមាណ ១៣ ពាន់លានដុល្លារ និងបង្កើតការងារបានប្រមាណ ៥១ ម៉ឺនកន្លែង។ នេះបើតាមលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញថ្លែងនៅក្នុង “វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៥” ដែលរៀបចំឡើងកាលពីចុងសប្តាហ៍មុននេះ។
លោក ហួត ហៃ បានបន្តថា ក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគក្រោម ៥ លានដុល្លារ ដែលចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញមានចំនួន ១១០ គម្រោង ជាមួយទុនវិនិយោគប្រមាណ ៣៤៣ លានដុល្លារ ដែលបានបង្កើតការងារចំនួន ៥៥ ម៉ឺនកន្លែង។

ភូមិសាស្រ្តរាជធានីភ្នំពេញបែងចែកជា ១៤ ខណ្ឌ ១០៥ សង្កាត់ ៩៥៣ ភូមិ មានប្រជាជនរស់នៅសរុបចំនួន ២,២៨១,៩៥១ នាក់ ជាមួយវិសាលភាពផ្ទៃដីគ្របដណ្តប់ទំហំ ៦៩២.៦៤ គីឡូម៉ែត្រក្រឡា។
បើតាមមន្រ្តីក្រសួងទេសចរណ៍កម្ពុជា សម្រាប់ឆ្នាំ២០២៥ គិតត្រឹមខែសីហា រាជធានីភ្នំពេញបានទទួលភ្ញៀវទេសចរសរុបចំនួន ៨,៣៦៧,៤១២ នាក់ ក្នុងនោះ ទេសចរជាតិចំនួន ៧,០២៥,៧៥៩ នាក់ និងទេសចរអន្តរជាតិមានចំនួន ១,៣៤១,៦៥៣ នាក់ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤ ឃើញថា ទេសចរជាតិបានកើនឡើង ២០៤% និងទេសចរអន្តរជាតិបានកើនឡើង ១១៧.១០%។
រាជធានីភ្នំពេញ បច្ចុប្បន្នមានមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ចំនួន ១ ៥៥៩ អាជីវកម្ម ដែលរួមមានសណ្ឋាគារ អាផាតម៉ិន ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ស្ប៉ា ម៉ាស្សាសុខភាព មណ្ឌលកម្សាន្ដទេសចរណ៍មនុស្សពេញវ័យ សេវាកម្មដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ និងមានមគ្គុទ្ទេសក៍ទេសចរណ៍ជាង ១ ពាន់នាក់ សម្រាប់ផ្ដល់សេវាកម្មដល់ទេសចរជាង ១២ ភាសា៕