ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៥ ទាំងសមត្ថកិច្ចថ្នាក់ជាតិ និងសមត្ថកិច្ចថ្នាក់ក្រោមជាតិ បានផ្តល់ លិខិតអនុញ្ញាតសាងសង់សំណង់សរុបចំនួន ២ ៤៣៥ គម្រោង មានផ្ទៃក្រឡាសំណង់ ១២ ៤៧៧ ២៣២ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុន វិនិយោគប្រមាណ ៤ ៩៣៦ ៧២៧ ៧៨៧ ដុល្លារអាមេរិក។

ឯកឧត្ដម ឡៅ ទិព្វសីហា រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានមានប្រសា​សន៍ឱ្យដឹងថា ៖ ចំនួនទាំងនេះ បើធៀបនឹងរយៈពេល ៧ខែដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានចំនួនត្រឹម ១៩០៤គម្រោង និងមានផ្ទៃក្រឡាសំណង់ ៧ ៣០១ ៧៩៧ ម៉ែត្រការ៉េ ក្នុងតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៣ ០៨៤ ៥០០ ៥២៤ដុល្លារ គឺមានការកើនឡើង​ទុន​វិនិ​យោគចំនួន ៦០,០៥%។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងទៀតថា៖ ដោយឡែក ក្នុងរយៈពេល ៧ខែឆ្នាំ២០២៥ មានអ្នកវិនិយោគបរទេស បានដាក់ទុវិនិយោគលើគម្រោងសាងសង់ថ្មីចំនួន ១១៤គម្រោង មានផ្ទៃក្រឡាសំណង់សរុប ៣ ៤៥៣ ៤៦០ម៉ែត្រការ៉េ និងមានតម្លៃសរុបប្រមាណ ១២៩៣ លានដុល្លារ (USD)។

ឯកឧត្តមបានលើកឡើងថា៖ដោយវិស័យសំណង់មានការពាក់ព័ន្ធនឹងក្រុមហ៊ុនសិក្សាគម្រោងប្លង់និងសាងសង់ បច្ចុប្បន្នក្រសួងបានចុះបញ្ជី ក្រុមហ៊ុនសាងសង់និងសិក្សាគម្រោងប្លង់នៅមានសុពលភាពចំនួន ៩៧៣ ក្នុងនោះក្នុងនោះសហគ្រាសក្រុមហ៊ុនក្នុង ស្រុកចំនួន៥៩៨និងក្រុមហ៊ុនបរទេស៣៧៥និងបានចុះបញ្ជីដល់រូបវ័ន្តបុគ្គលសិក្សាគម្រោងប្លង់ដែលនៅមានសុពល ភាពចំនួន ៣៣៤នាក់ ក្នុងនោះស្ថាបត្យករចំនួន ១៣៦រូប និងវិស្វករចំនួន ១៩៨រូប៕