ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារ វីង របស់អ្នកឧកញ៉ា គិត ម៉េង បានចាប់ដៃគ្នា ដើម្បីពង្រីកសេវាហិរញ្ញវត្ថុ និងពង្រឹងការគាំទ្រ ដល់សហគ្រិនក្នុងស្រុកធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅទូទាំងប្រទេស ដែលអាចជួយឱ្យពួកគេរីកចម្រើន បង្កើនផលិតភាព និងវិនិយោគបន្ថែមលើនវានុវត្តន៍។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោមសក្ខីភាពរបស់ លោក ហែម វណ្ណឌីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
កិច្ចសហប្រតិបត្តិការនេះបង្កើតជាក្របខ័ណ្ឌយុទ្ធសាស្រ្តមួយ ដែលរួមបញ្ចូលផលប័ត្រកម្ចី ២០០លានដុល្លារអាមេរិក ដើម្បីជំរុញការអភិវឌ្ឍ លើកកម្ពស់ភាពប្រកួតប្រជែង និងនវានុវត្តន៍របស់ធុរកិច្ចកម្ពុជា។
ក្រោមភាពជាដៃគូនេះ ភាគីទាំងពីរនឹងសហការ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ពង្រីកសេវាហិរញ្ញវត្ថុឌីជីថល និងបង្កើតកម្មវិធីបណ្តុះបណ្តាល ក្នុងគោលដៅកែលម្អការរៀបចំអាជីវកម្ម ពង្រឹងចំណេះដឹងផ្នែកឌីជីថល និងជំនាញគ្រប់គ្រងហិរញ្ញវត្ថុ។ កិច្ចសហប្រតិបត្តិការនេះក៏មានគោលបំណងគាំទ្រសហគ្រាសដែលមាននវានុវត្តន៍ និងជំរុញវិស័យអាទិភាព ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា «កិច្ចសហប្រតិបត្តិការនេះពង្រីកសេវាហិរញ្ញវត្ថុ ដើម្បីផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់សហគ្រិន និងសហគ្រាសធុនមក្រូ តូច និងមធ្យម ដែលអាចជួយឱ្យពួកគេរីកចម្រើន បង្កើនផលិតភាព និងវិនិយោគបន្ថែមលើនវានុវត្តន៍។ គោលដៅរបស់យើងគឺគាំទ្រអាជីវកម្មនៅគ្រប់ដំណាក់កាលនៃការអភិវឌ្ឍ និងជំរុញបរិវត្តកម្មសេដ្ឋកិច្ចកម្ពុជាសម្រាប់រយៈពេលវែង»។
ស្ថាប័នទាំងពីរក៏នឹងសហការលើកកម្ពស់ការប្រើប្រាស់សេវាទូទាត់តាមឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលអាចបង្កើនប្រសិទ្ធភាព តម្លាភាព និងការឈានចូលអាជីវកម្មផ្លូវការ សម្រាប់ទាំងសហគ្រាសក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម។
លោកបណ្ឌិត Dmytro Kolechko អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖ «ធនាគារ វីងមានមោទនភាព ដែលបានចាប់ដៃគូជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីគាំទ្រដល់សហគ្រិន ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។ តាមរយៈផលប័ត្រឥណទាន ២០០ លានដុល្លារនេះ យើងមានបំណងធ្វើឱ្យការផ្តល់ហិរញ្ញប្បទានកាន់តែងាយស្រួល ជំរុញនវានុវត្តន៍ និងជួយឱ្យអាជីវកម្មក្នុងស្រុករីកចម្រើន ដើម្បីកសាងសេដ្ឋកិច្ចកាន់តែរឹងមាំសម្រាប់កម្ពុជា»។
យោងតាមជំរឿនឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣.៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុបជិត ៣ លាននាក់ ក្នុងនោះមានស្រ្តី ៦០%។ វិស័យនេះរួមចំណែក ៦៣% នៃផលិតផលក្នុងស្រុកសរុប និងនៅតែជាវិស័យស្នូលសម្រាប់មហិច្ឆតារបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចដែលកាន់តែមានពិពិធកម្មខ្ពស់ និងផ្អែកលើនវានុវត្តន៍។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារ វីង នឹងបង្កើតគណៈកម្មាធិការរួមមួយ ដើម្បីរៀបចំ និងអនុវត្តផែនការនិងគំនិតផ្តួចផ្តើមសំខាន់ៗ ក្រោមអនុស្សរណៈនេះ។ សហគ្រិន ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលត្រូវការហិរញ្ញប្បទានដើម្បីកំណើនអាជីវកម្ម ពីកម្មវិធីឥណទាន ២០០ លានដុល្លារនេះ អាចទាក់ទងទៅសាខាធនាគារ វីង ឬផ្នែកសេវាអតិថិជនរបស់ធនាគារ៕