គិតត្រឹមឆ្នាំ២០២៥នេះ នៅទូទាំង​ប្រទេសកម្ពុជា មានសំណង់អគារ​ខ្ពស់​ចាប់ពី​៥ជាន់ឡើង​ចំនួន ៣ ២៥៤អគារ​ ដោយក្នុងនោះឃើញថារាជធានីភ្នំពេញ ខេត្តព្រះសីហនុ និង​ខេត្ត​បន្ទាយ​មានជ័យ​ មាន​សំណង់អគារ​ខ្ពស់ច្រើនជាងគេ ដែលមានសរុបរហូតដល់ ៣ ១២៧​អគារ ។ នេះ បើតាមរបាយការណ៍របស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ ។

របាយការណ៍ដដែលបានបង្ហាញថា រាជធានីភ្នំពេញ នៅតែបន្តជាប់លេខ​១ ដែលមានសំណង់អគារ​ខ្ពស់ច្រើនជាង​គេ ចំនួន ១៩៥៤​អគារ បន្ទាប់មក​គឺខេត្តព្រះសីហនុ មានសំណង់អគារ​ខ្ពស់ ចំនួន ៧៧៣ អគារ និងខេត្តបន្ទាយ​មានជ័យ មានសំណង់អគារ​ខ្ពស់ចាប់ពី៥ជាន់​ឡើង​ទៅ​ចំនួន ៤០០អគារ។

ដោយឡែក ចំនួន​អគារ​ខ្ពស់​ៗ​ចាប់ពី៥ជាន់ ដល់​ ៩ជាន់​នៅទូទាំង​ប្រទេស​មានចំនួន ១ ៩០៥អគារ ​ហើយអគារ​ខ្ពស់ចាប់ពី ១០ជាន់​ដល់​១៩ជាន់​មានចំនួន ៨៥១​អគារ និងអគារ​ខ្ពស់ចាប់ពី​២០ជាន់​ដល់ ២៩ជាន់ មានចំនួន ២៧៧​អគារ ។ អគារ​ខ្ពស់ចាប់ពី៣០​ជាន់​ដល់​៣៩ជាន់​ចំនួន ១៥៩អគារ និង​អគារ​ខ្ពស់ៗ​ដែលមានកម្ពស់ចាប់ពី៤០ជាន់​ឡើងទៅ មានចំនួនរហូតដល់​៦៥​អគារ ។

ក្រៅពីអគារ​ខ្ពស់ៗ​ទាំង​នេះ​ ការអភិវឌ្ឍសំណង់​ក៏មាន​ដូចជា​បុរីលំនៅឋាន អគារ​ផ្ទះល្វែង អគារ​ស្នាក់​នៅរួម ​និងអគារ​ផ្សេងៗទៀត ដោយក្នុងនោះ គម្រោងអភិវឌ្ឍន៍បុរីលំនៅឋាន គិតចុងឆ្នាំ ២០២៥ មានចំនួន ៦៩៨គម្រោង អគារ​លំនៅឋាន​មានចំនួន ១២១ ០៨៨​ខ្នង អគារ​ស្នាក់​នៅរួម​ឬខុនដូ មានចំនួន​ ៧៨៧គម្រោង សំណង់​លំនៅឋាន​មានចំនួន ៤២ ៩១៣គម្រោង សំណង់សណ្ឋាគារ​ចំនួន​១៦៦​គម្រោង សំណង់អគារ​ពាណិជ្ជកម្ម​មានចំនួន ៣ ៧៥៣គម្រោង សំណង់អគារ​រោងចក្រ​មានចំនួន ១១ ១៨១​គម្រោង និងសំណង់អគារ​ពហុមុ​ខងារ​មានចំនួន ៤១៦​គម្រោង​ ។